ចិន គ្រោងបញ្ចេញទឹកប្រាក់ ១,៤ទ្រីលានដុល្លារបន្ថែម ដើម្បីជំរុញដល់កំណើនសេដ្ឋកិច្ច

អន្តរជាតិ

រដ្ឋាភិបាលចិន កំពុងពិចារណាលើការអនុម័តទឹកប្រាក់បន្ថែមជាង ១០ទ្រីលានយ៉ន់ (១,៤ទ្រីលានដុល្លារ) ពីការបោះផ្សាយលក់មូលបត្របំណុល នៅក្នុងរយ:ពេលប៉ុន្មានឆ្នាំខាងមុខ ដើម្បីជួយជំរុញដល់កំណើនសេដ្ឋកិច្ច និងដោះស្រាយបំណុលរដ្ឋាភិបាលក្នុងតំបន់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញថវិកាជំរុញសារពើពន្ធចុងក្រោយនេះ អាចនឹងត្រូវអនុម័តជាផ្លូវការ នៅក្នុងកិច្ចប្រជុំមួយរៀបចំធ្វើឡើងដោយស្ថាប័ននីតិប្បញ្ញត្តិកំពូលរបស់ប្រទេសចិន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤-៨ ខែវិច្ឆិកា ខាងមុខ។ នេះបើយោងតាមរបាយការណ៍ព័ត៌មានក្នុងស្រុកមួយ ចេញផ្សាយកាលពីថ្ងៃអង្គារ។

កញ្ចប់ថវិកាទាំងនេះ នឹងរួមបញ្ចូលទាំងទឹកប្រាក់ ៦ទ្រីលានយ៉ន់ ដែលនឹងត្រូវប្រមូលក្នុងរយៈពេល ៣ឆ្នាំ គិតចាប់ពីឆ្នាំ២០២៤នេះ ដើម្បីជួយអាជ្ញាធរក្នុងតំបន់ដោះស្រាយបំណុលបច្ចុប្បន្ន ក៏ដូចជាមូលបត្របំណុលដែលមានតម្លៃ ៤ទ្រីលានយ៉ន់ ផ្សេងទៀត ដើម្បីផ្តល់មូលនិធិដល់ការទិញដីទំនេរ និងអចលនទ្រព្យត្រលប់មកវិញរបស់រដ្ឋាភិបាលក្នុងតំបន់ នៅរយ:ពេល ៥ឆ្នាំខាងមុខ។

យោងតាមរបាយការណ៍ខាងលើបានឲ្យដឹងទៀតថា កញ្ចប់ថវិកាជំនួយ អាចនឹងមានទំហំធំជាងនេះ ប្រសិនបើលោក ដូណាល់ ត្រាំ ប្រជែងឈ្នះតំណែងប្រធានាធិបតីអាមេរិកឡើងវិញ ក្នុងការបោះឆ្នោតនៅសប្តាហ៍ក្រោយ ដោយសារតែអតីតប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះ ត្រូវបានគេរំពឹងថានឹងបង្កើនការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ចកាន់តែខ្លាំងសម្រាប់ប្រទេសចិន។

ទន្ទឹមនឹងនេះ សារព័ត៌មាន Reuters បានរាយការណ៍ទៀតថា ប្រទេសចិន គ្រោងនឹងបន្ថែមទឹកប្រាក់រាប់ពាន់លានយ៉ន់ផ្សេងទៀត ដើម្បីចាក់បញ្ចូលដើមទុនទៅក្នុងធនាគាររដ្ឋធំៗ ខណ:កាលពីខែមុន រដ្ឋាភិបាលទីក្រុងប៉េកាំង កំពុងពិចារណាលើផែនការនេះដើម្បីបង្កើនសមត្ថភាពធនាគាររបស់ខ្លួន ក្នុងការគាំទ្រដល់សេដ្ឋកិច្ចដែលកំពុងជួបប្រះការលំបាក៕