ថ្មីៗនេះ ក្រុមហ៊ុន Rolls-Royce បានបញ្ចេញស្ពតពាណិជ្ជកម្មរថយន្ត Phantom ដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ដើម្បីរំលឹកដល់ខ្សែភាពយន្ត James Bond ឆ្នាំ១៩៦៤ Goldfinger ។ រថយន្ត Rolls-Royce Phantom Goldfinger ដែលត្រូវបានគេជឿថា មានតម្លៃ ៦លានដុល្លារនោះ ត្រូវបានរចនាឡើងប្រដូចទៅនឹងរថយន្ត Phantom III ថតក្នុងរឿង Goldfinger នៅទីតាំង Stoke Park Golf Club ដែលជាអចលនទ្រព្យរបស់អ្នកមានបំផុតនៅអាស៊ីលោក Mukesh Ambani ។

ស្ថិតនៅក្នុងផ្ទៃដីលាតសន្ធឹង ៣០០ហិចតា មានឧទ្យាន បឹង និងសួនច្បារ Stoke Park គឺជាអចលនទ្រព្យដ៏ស្រស់ស្អាត មានទីតាំងនៅជាទីក្រុងឡុងដ៍។ បើតាមការឲ្យដឹងពី Luxury Launches អចលនទ្រព្យនេះ មានប្រវត្តិកត់ត្រាជាង ១០០០ឆ្នាំ ព្រមទាំងមានភូមិគ្រឹះនៅចំកណ្តាលនៃអចលនទ្រព្យ ដែលបានសាងសង់ឡើងនៅអំឡុងឆ្នាំ១៩៦០ ។

នៅក្នុងភូមិគ្រឹះនោះ បានបែងចែកចេញជាបន្ទប់ដ៏ស្រស់ស្អាតចំនួន៤៩ កន្លែងទទួលទានអាហារចំនួន៣ កន្លែងហាត់ប្រាណមានទំហំ ៤ ០០០ម៉ែត្រការ៉េ អាងហែលទឹកក្នុង និងក្រៅផ្ទះ ទីលានវាយកូនបាល់ចំនួន១៣កន្លែង និងទីលានវាយកូនហ្គោលលាតសន្ធឹងលើផ្ទៃដីយ៉ាងធំទូលាយ។ នៅឆ្នាំ២០២១ អចលនទ្រព្យទាំងមូលនេះ ត្រូវបានទិញយកដោយមហាសេដ្ឋីឥណ្ឌាលោក Mukesh Ambani ក្នុងតម្លៃដល់ទៅ ៧៩លានដុល្លារ។

សូមជម្រាបជូនផងដែរថា លោក Mukesh Ambani គឺជាមហាសេដ្ឋីមានជាងគេនៅឥណ្ឌា និងមានជាងគេនៅអាស៊ី ដោយគិតត្រឹមថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ទ្រព្យសម្បត្តិដ៏មហាសាលរបស់លោក ត្រូវបានទស្សនាវដ្តី Forbes ស្ទាបស្ទង់ថាមានទំហំ ១០៤,៦ពាន់លានដុល្លារ៕



