មហាសេដ្ឋីមានបំផុតលើពិភពលោក Elon Musk ត្រូវបានគេរាយការណ៍ថា បានទិញដីដោយសំងាត់ ទំហំជាង ៤០០ ម៉ែត្រការ៉េ នៅក្នុងរដ្ឋតិចសាស់ ក្នុងតម្លៃប្រហែល ៣៥លានដុល្លារ ដើម្បីធ្វើផ្ទះទុកសម្រាប់កូនៗទាំង ១១ នាក់ និងអតីតគូសេ្នហ៍ទាំង៣ របស់ខ្លួន។ នេះបើយោងតាមចុះផ្សាយពីសារព័ត៌មាន The New York Times ។
បរិវេណដីនេះរួមបញ្ចូលទាំងផ្ទះចំនួនពីរខ្នងដែលមានម៉ូតស្រដៀងនឹងវីឡា Tuscan អ៊ីតាលី និងផ្ទះមួយផ្សេងទៀត មានប្រាំមួយបន្ទប់គេង។ ប្រភពមិនចេញបញ្ចេញឈ្មោះមួយ បានប្រាប់ NYT ថាម្ចាស់ក្រុមហ៊ុន Tesla រូបនេះ បានប្រាប់អ្នកដែលលក់អចលនទ្រព្យមកឲ្យខ្លួននោះរក្សាវាជាការសំងាត់។
ទន្ទឹមនឹងនេះ កាសែត NYT បាននិយាយទៀតថា ផ្ទះទាំងនោះនឹងផ្តល់ភាពងាយស្រួលសម្រាប់កូនៗរបស់លោក Musk ដើម្បីរក្សាទំនាក់ទំនង និងរស់នៅជុំគ្នា។
គួរឲ្យដឹងថា លោក Elon Musk មានកូនប្រាំនាក់ជាមួយប្រពន្ធដំបូង គឺលោកស្រី Justine Wilson ខណ:ពួកគេបានរៀបការចន្លោះពីឆ្នាំ២០០០ ដល់ឆ្នាំ២០០៨។ លោក Musk ក៏មានកូនបីនាក់ជាមួយតារាចម្រៀង Grimes ផងដែរ ប៉ុន្តែបានចែកផ្លូវគ្នាវិញ ក្រោយមានការប្រឈមមុខផ្នែកច្បាប់ជាមួយគ្នា។
មហាសេដ្ឋីរូបនេះក៏មានកូនបីនាក់ផ្សេងទៀត ជាមួយលោកស្រី Shivon Zilis ដែលជានាយកប្រតិបត្តិនៅក្រុមហ៊ុន Neuralink ដែលគ្រប់គ្រងដោយលោក Musk ផងដែរ។ បើតាម NYT បានរាយការណ៍ថា លោកស្រី Zilis វ័យ ៣៨ឆ្នាំ បានផ្លាស់ទៅរស់នៅក្នុងផ្ទះដែលលោក Musk ទិញទុកឲ្យមួយជាមួយកូនៗរបស់នាងរួចរាល់ហើយ៕