ទិញយន្តហោះអស់ ៧០លានដុល្លារ Michael Jordan ថាមិនសូវទាក់ទាញ ថែមលុយលាបពណ៌អស់ ៥០ម៉ឺនដុល្លារទៀត

អន្តរជាតិ

លោក Michael Jordan ដែលត្រូវបានគេស្គាល់ថា ជាតារាបាល់បោះមានឈ្មោះបោះសំឡេងបំផុតលើពិភពលោក និងក៏ជាអ្នកនិយមសម្ភារៈប្រណីតថ្លៃៗនោះ ថ្មីៗនេះបានទិញនូវយន្តហោះឯកជនម៉ូឌែល Gulfstream ថ្មីស្រឡាងមួយគ្រឿងតម្លៃ ៧០លានដុល្លារ តែលោកមិនចង់បានពណ៌ដើមចេញពីក្រុមហ៊ុន ក៏សម្រេចឲ្យគេបាញ់ថ្នាំពណ៌ថ្មី អស់ប្រាក់ដល់ទៅ ៥០០ ០០០ដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណា ការចំណាយប៉ុននេះមិនមែនអីជាបញ្ហាសម្រាប់ Jordan ដ្បិតរូបលោកក៏ជាអត្តពលិកអាជីពម្នាក់ ក្នុងចំណោមអត្តពលិកដ៏ទៃផ្សេងទៀត ដែលមានទ្រព្យច្រើនបំផុតនៅលើពិភពផងដែរ។ តាមការឲ្យដឹងពី Luxury Launches នៅពីក្រោយទ្រព្យសម្បត្តិរបស់លោក គឺមានការចុះកិច្ចព្រមព្រៀងឧបត្ថម្ភដ៏ធំជាមួយក្រុមហ៊ុន Nike ខណៈទ្រព្យសម្បត្តិរបស់កីឡាកររូបនេះ ត្រូវបានគេប៉ាន់ប្រមាណថាមានចំនួនប្រហែល ៣,៥ពាន់លានដុល្លារ។

ដោយឡែក ងាកមកចាប់អារម្មណ៍យន្តហោះរបស់កំពូលតារាបាល់បោះរូបនេះវិញ មានឈ្មោះថា​ Gulfstream G650ER ដែលមានភាពប្រណីត អាចហោះបានរយៈចម្ងាយឆ្ងាយ គឺជាយន្តហោះដ៏មានកិត្យានុភាព និងមានសមត្ថភាពបំផុតក្នុងពិភពលោក រចនាឡើងមកគិតគូយ៉ាងពិសេសដល់អ្នកដំណើរឲ្យមាននូវផាសុកភាព។ វាអាចធ្វើដំណើរពីទីក្រុងដូចជា New York ទៅ Hong Kong ឬពី Los Angeles ទៅ Sydney ដោយមិនចាំបាច់ឈប់ចុះចតផងដែរ។

សូមជម្រាបថា យន្តហោះម៉ូឌែល Gulfstream G650ER ហាក់មានភាពពេញនិយមខ្លាំងពីសំណាក់សហគ្រិនអាមេរិក ជាពិសេសមហាសេដ្ឋីល្បីៗលំដាប់ពិភពលោកដូចជា លោក Elon Musk, Jeff Bezos, Sergey Brin និង Larry Page ក៏មានម្នាក់មួយគ្រឿងផងដែរ៕