ក្រុមហ៊ុនផលិតយន្តហោះរបស់រដ្ឋចិន Comac បានបើកដំណើរការការិយាល័យថ្មីមួយ នៅក្នុងប្រទេសសិង្ហបុរី ក្នុងសប្តាហ៍នេះ ដែលត្រូវបានចាត់ទុកជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការប្រកួតប្រជែងជាមួយក្រុមហ៊ុន Boeing និង Airbus នៅលើទីផ្សារអាកាសចរណ៍អន្តរជាតិ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។
លោក Cao Zhongming ឯកអគ្គរដ្ឋទូតចិន ប្រចាំប្រទេសសិង្ហបុរី បាននិយាយនៅក្នុងពិធីបើកសម្ពោធថា ការិយាល័យដំបូងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនេះ គឺជាជំហាននិមិត្តសញ្ញាដ៏សំខាន់មួយ សម្រាប់ក្រុមហ៊ុនផលិតយន្តហោះដឹកអ្នកដំណើរក្នុងស្រុកដំបូងគេបង្អស់របស់ចិន ក្នុងការចែកចាយយន្តហោះរបស់ខ្លួន ទៅក្រៅប្រទេស។
នៅឆ្នាំនេះ COMAC បានបង្កើនផែនការសម្រាប់ការផលិត និងដាក់លក់យន្តហោះដឹកអ្នកដំណើរតួខ្លួនតូច C919 របស់ខ្លួន ដែលត្រូវបានចាត់ទុកថាជាគូប្រជែងរបស់យន្តហោះ Boeing 737 MAX និង A320neo របស់ក្រុមហ៊ុន Airbus ។
ទន្ទឹមនឹងនេះ ក្រុមហ៊ុន Comac បាននិយាយថា ការិយាល័យថ្មីនៅក្នុងប្រទេសសិង្ហបុរី នឹងផ្តល់សេវាកម្មកាន់តែជិតស្និទ្ធ និងទូលំទូលាយសម្រាប់អតិថិជននៅក្នុងតំបន់ រួមទាំងក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ រួមទាំងដៃគូថែទាំ និងអ្នកផ្គត់ផ្គង់។
ជម្រាបជូនថា ក្រុមហ៊ុនរដ្ឋចិនមួយនេះ បានជ្រើសរើសប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ដើម្បីដាក់តាំងបង្ហាញយន្តហោះសម្រាប់ម៉ូដែល C919 និង ARJ21 របស់ខ្លួន ទៅកាន់ទីផ្សារអន្តរជាតិលើកដំបូង ក្នុងអំឡុងកម្មវិធី Singapore Airshow កាលពីខែកុម្ភៈ៕