Jeff Bezos ឡើងតំណែងជាមហាសេដ្ឋីមានបំផុតលើលោកទី២ ក្រោយលក់ភាគហ៊ុនបានជាង ៣ពាន់លានដុល្លារ

អន្តរជាតិ

យោងតាមឯកសារផ្លូវការមួយ បង្ហាញឲ្យដឹងថា លោក Jeff Bezos បានបន្តលក់ភាគហ៊ុននៅក្នុងក្រុមហ៊ុន Amazon របស់ខ្លួន ក្នុងតម្លៃជាង ៣ពាន់លានដុល្លារ កាលពីចុងសប្តាហ៍មុន ខណ:បានធ្វើឲ្យការលក់ភាគហ៊ុនសរុបរបស់លោក នៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យាមួយនេះ កើនឡើងជាង ១៣ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព



ស្ថាបនិកក្រុមហ៊ុន Amazon រូបនេះ បានលក់ភាគហ៊ុនចេញប្រមាណជាង ១៦ លានហ៊ុន នៅពេលដែលតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន បានកើនឡើងខ្ពស់ម្តងទៀត ដល់ចំនួន ២០០ដុល្លារក្នុងមួយហ៊ុន ដែលជាកម្រិតខ្ពស់បំផុត គិតចាប់តាំងពី Amazon បង្ហាញខ្លួនក្នុងទីផ្សារហ៊ុន NASDAQ ជាលើកដំបូង ក្នុងឆ្នាំ១៩៩៧ មក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Geek Wire។

មិនតែប៉ុណ្ណោះ ការលក់ភាគហ៊ុនលើកចុងក្រោយនេះ ក៏បានធ្វើឲ្យលោក Bezos ឡើងតំណែងជាមហាសេដ្ឋីមានបំផុតលំដាប់ទីពីរ លើពិភពលោកផងដែរ ជាមួយនឹងការកើនឡើងទ្រព្យសម្បត្តិដល់ជាង ៤០ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៤ នេះ ដល់ចំនួនសរុបប្រមាណ ២២២ពាន់លានដុល្លារ។

ជម្រាបជូនផងដែរថា គិតត្រឹមខែកុម្ភៈ លោក Bezos បានកាន់កាប់ភាគហ៊ុនប្រហែល ១០,៨% នៅក្នុងក្រុមហ៊ុន Amazon ខណ:ពេលដែលក្រុមហ៊ុននេះ ក៏បានរាយការណ៍ពីការកើនឡើងប្រាក់ចំណូលខ្ពស់បំផុត នៅក្នុងត្រីមាសទី៣ របស់ខ្លួន ផងដែរ៕