ក្រសួងដឹកជញ្ជូនវៀតណាមបានដាក់គោលដៅធ្វើយ៉ាងណាសម្រេចឲ្យបាននៃការប្រើប្រាស់រថយន្តចំនួន៣០% និង២២% នៃការប្រើប្រាស់ម៉ូតូ ដែលដំណើរការដោយថាមពលអគ្គិសនី (EV) ត្រឹមឆ្នាំ២០៣០ ខាងមុខ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express ។
ក្រោមកិច្ចខិតខំប្រឹងប្រែងចំពោះគោលដៅនេះ គឺជាដំណោះស្រាយមួយដើម្បីសម្រេចឲ្យបាននូវ ការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ក្នុងវិស័យដឹកជញ្ជូនឲ្យបានចំនួន៥,៩% ក្រោមផែនការដែលក្រសួងបានកំណត់កាលពីពេលថ្មីៗ។
ដើម្បីឲ្យកិច្ចការងារនេះសម្រេចទៅបានប្រកបដោយភាពរលូន ក្រសួងដឹកជញ្ជូនវៀតណាម ក៏នឹងបង្កើតសារាចរណែនាំស្តីពីការចាត់ថ្នាក់យានយន្តនៅតាមដងផ្លូវ ផ្លាកសញ្ញាសម្គាល់យានជំនិះណាដែលប្រើប្រាស់ថាមពលស្អាត រួមជាមួយនឹងការកំណត់ស្តង់ដារទីតាំងសម្រាប់ការឈប់សម្រាកនៅតាមដងផ្លូវ ក៏ដូចជាបទបញ្ញត្តិផ្សេងៗស្តីពីស្ថានីយសាកអាគុយរថយន្តផងដែរ។
មិនត្រឹមតែប៉ុណ្ណោះ នៅក្រោមផែនការ ក្រសួងក៏បានកំណត់គោលដៅថា នឹងមានរថយន្តក្រុងប្រើប្រាស់ឧស្ម័នធម្មជាតិចំនួន ៦២៣គ្រឿងនៅត្រឹមឆ្នាំ២០៣០ ដោយក្នុងនោះកំណត់ថានៅឯទីក្រុងហូជីមិញ នឹងមានចំនួន ៤២៣គ្រឿង និងនៅទីក្រុងហាណូយកំណត់ថានឹងមានចំនួន ២០០គ្រឿង៕