ក្រុមហ៊ុនបិតាវិនិយោគ Warren Buffett កើបលុយជាង ៣០០ពាន់លានដុល្លារ ពីការសម្រុកលក់ភាគហ៊ុន

អន្តរជាតិ

ក្រុមហ៊ុនវិនិយោគ Berkshire Hathaway របស់មហាសេដ្ឋី Warren Buffett បានប្រមូលលុយសរុបដល់ទៅ ៣២៥ពាន់លានដុល្លារ នៅក្នុងត្រីមាសទីបី ឆ្នាំនេះ បន្ទាប់ពីបានសម្រុកលក់ភាគហ៊ុនរបស់ខ្លួនចេញយ៉ាងច្រើន នៅក្នុងក្រុមហ៊ុនធំៗ ដូចជា Apple និង ធនាគារអាមេរិក (BOA) ជាដើម។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងរបាយការណ៍ប្រចាំត្រីមាសរបស់ខ្លួនដែលបានចេញផ្សាយកាលពីចុងសប្តាហ៍មុន បានបង្ហាញឲ្យដឹងថា ក្រុមហ៊ុន Berkshire បានលក់ចេញភាគហ៊ុនប្រហែល ១០០ លានហ៊ុន ឬស្មើទៅនឹងប្រមាណ ២៥% នៃភាគហ៊ុនរបស់ក្រុមហ៊ុន Apple ក្នុងរដូវក្តៅកន្លងមក ដែលធ្វើឲ្យខ្លួននៅសល់ភាគហ៊ុនប្រមាណ ៣០០ លានហ៊ុនទៀត ក្នុងក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សអាមេរិកមួយនេះ។

គិតមកដល់ទល់ពេលនេះ ក្រុមហ៊ុន Berkshire បានលក់ភាគហ៊ុននៅក្នុងក្រុមហ៊ុនផលិតទូរស័ព្ទ iPhone អស់ច្រើនជាង ៦០០ លានហ៊ុនរួចមកហើយ នៅក្នុងឆ្នាំ២០២៤ នេះ។ ប៉ុន្តែយ៉ាងណា Apple នៅតែជាក្រុមហ៊ុនដែល Berkshire មានភាគហ៊ុនច្រើនកាន់ក្នុងដៃជាងគេបំផុត ដែលមានតម្លៃសរុបដល់ជិត ៧០ពាន់លានដុល្លារ។

ទន្ទឹមនឹងនេះ ការសម្រុកលក់ចេញភាគហ៊ុនយ៉ាងច្រើនរបស់ក្រុមហ៊ុន Berkshire Hathaway នេះ ក៏រួមបញ្ចូលទាំងការលក់ចេញភាគហ៊ុនតម្លៃជាង ៣៦ពាន់លានដុល្លារ ដែលបូករួមទាំងភាគហ៊ុនតម្លៃរាប់ពាន់លានដុល្លារ ក្នុងធនាគារ Bank of America ដែលក្រុមហ៊ុន Berkshire បានលក់ចេញនៅក្នុងត្រីមាសទី៣ នេះ ផងដែរ។

ជម្រាបជូនផងដែរថា បើតាមលោកស្រី Cathy Seifert អ្នកវិភាគនៅក្រុមហ៊ុនស្រាវជ្រាវ CFRA មានមូលដ្ឋាននៅទីក្រុងញូវយ៉ក បាននិយាយថាមូលហេតុដែលក្រុមហ៊ុន Berkshire និងមហាសដ្ឋី Warren Buffett សម្រុកលក់ភាគហ៊ុនរបស់ខ្លួនចេញច្រើនបែបនេះ គឺដើម្បីការពារហានិភ័យដែលអាចកើតមានឡើង ចំពេលមានភាពមិនច្បាស់លាស់ទាំងសេដ្ឋកិច្ច និងទីផ្សារពិភពលោក៕