លោក ត្រាំ ​ព្រមាន​យកពន្ធ ១០០% លើក្រុមហ៊ុនផលិតរថយន្តខ្នាតយក្ស Stellantis បើហ៊ានប្តូរទីតាំងទៅប្រទេសម៉ិកស៊ិក

អន្តរជាតិ

បេក្ខជនប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ បាននិយាយកាលពីពេលថ្មីៗនេះថា បើសិនលោកជាប់ឆ្នោត លោកនឹងដាក់ពន្ធ ១០០% លើក្រុមហ៊ុន Stellantis បើក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សនេះ ព្យាយាមផ្លាស់ប្តូរទីតាំងចេញពីសហរដ្ឋអាមេរិក ទៅកាន់ប្រទេសម៉ិកស៊ិក នោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​ការព្រមានបែបនេះ ត្រូវបានធ្វើឡើង អំឡុងការជួប​ជុំ​ដ៏ធំមួយរបស់លោក ត្រាំ ​ក្នុង​រដ្ឋ Michigan ខណ:ពេលដែលមានរបាយការណ៍ថា ក្រុមហ៊ុន Stellantis ​កំពុង​បញ្ជូន​រថយន្ត​ម៉ូដែល ​Chrysler ដ៏ពេញនិយមរបស់ខ្លួន ទៅផលិតនៅក្នុងប្រទេស​ម៉ិកស៊ិកវិញ។

យ៉ាងណាមិញ លោក ត្រាំ បាននិយាយថា ៖”យើងនឹងប្រាប់ទៅកាន់ Stellantis ថាប្រសិនបើពួកគេមានគម្រោងផ្លាស់ប្តូរទីតាំងផលិតរបស់ពួកគេ យើងនឹងគិតថ្លៃពន្ធ ១០០% លើគ្រប់រថយន្តទាំងអស់ ហើយពួកគេនឹងមិនអាចផ្លាស់ទីទៅណាបាននោះទេ” ។

គួរឲ្យដឹងថា ការលើកឡើងរបស់លោក ត្រាំ បែបនេះ បានកើតឡើង ស្របពេលជាមួយនឹងការសម្រេចចិត្តនាពេលថ្មីៗនេះរបស់ក្រុមហ៊ុន Stellantis ក្នុងការពង្រីករោងចក្រដំឡើងរថយន្ត Saltillo Truck Assembly (STAP) របស់ខ្លួន នៅក្នុងប្រទេសម៉ិកស៊ិក ដែលជាសកម្មភាពមួយ​បង្ក​មានការជជែកដេញដោល ក្នុងចំណោមកម្មករ និងអ្នកនយោបាយអាមេរិក។

ប៉ុន្តែទោះជាយ៉ាងណានាយកប្រតិបត្តិក្រុមហ៊ុនផលិតរថយន្ត Chrysler និងប្រភេទភីកអាប់ Ram លោក Chris Feuell បានពន្យល់ពីហេតុផលនៅពីក្រោយការពង្រីកនេះថា វាគ្រាន់តែផែនការសន្ទះសង្គ្រោះចាំបាច់មួយប៉ុណ្ណោះ សម្រាប់រោងចក្រ Sterling Heights Assembly Plant (SHAP) នៅរដ្ឋ Michigan ដែលជិតដល់កម្រិតសមត្ថភាពផលិតរបស់វា៕