លោក Jacob Arabo ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុនផលិតនាឡិកាដៃប្រណីត Jacob & Co. ដែលមានភាពល្បីល្បាញនៅទូទាំងពិភពលោក លើភាពច្នៃប្រឌិត និងភាពល្អឯកនៃនាឡិកាដៃដែលមានការរចនាប្លែកៗ ជាមួយនឹងការពេញនិយមពីតារាល្បីៗ អ្នកជំនួញ និងធុរជននៅជុំវិញពិភពលោក សុទ្ធសឹងតែជាអ្នកគាំទ្រស្នាដៃរបស់លោក។

យ៉ាងណាទម្រាំមកដល់ចំណុចនេះ មានរឿងជាច្រើនណាស់ដែលលោកបានជួបប្រទះ។ កើតនៅរាជធានី Tashkent ប្រទេស Uzbekistan លោក Jacob Arabo ជាកូនពៅក្នុងចំណោមកូនប្រុសស្រីប្រាំនាក់ ដោយកាលនៅក្មេង គាត់បានជួយជួសជុលនាឡិកាដៃរបស់បងស្រីជារឿយៗ។

នៅអាយុ ១៣ឆ្នាំឳពុករបស់លោកបានឲ្យកាដូនាឡិកាមួយគ្រឿង ដោយគាត់ស្រឡាញ់នាឡិកានោះណាស់ ហើយមានចំណង់ចំណូលចិត្តចាប់តាំងពីពេលនោះមក។ មួយឆ្នាំក្រោយមក ពោលនៅអាយុ ១៤ឆ្នាំ លោកនិងក្រុមគ្រួសារបានចំណាកស្រុក ក្នុងនាមជាជនអន្តោប្រវេសន៍ ចូលទៅតាំងទីលំនៅនៅទីក្រុងញូវយ៉ក ហើយបានចូលរៀននៅវិទ្យាល័យ Forest Hills នោះតែម្តង។

ដោយសារតែជីវភាពខ្វះខាតក្នុងគ្រួសារ Arabo បានសម្រេចចិត្តឈប់រៀននៅអាយុ ១៦ឆ្នាំទាំងមិនទាន់បានបញ្ចប់ថ្នាក់វិទ្យាល័យនៅឡើយ។ ក្រោយមក លោកបានចុះឈ្មោះចូលរៀននៅក្នុងវគ្គបណ្តុះបណ្តាលលើជំនាញផលិតគ្រឿងអលង្ការរយៈពេល ៦ខែ ហើយក៏ចាប់យកការងារក្នុងក្រុមហ៊ុនផលិតគ្រឿងអលង្ការមួយនៅទីក្រុងញូវយ៉ក ដោយលោកធ្វើការឲ្យគេនៅពេលយប់ រួចឆ្លៀតច្នៃគ្រឿងអលង្ការរកស៊ីដោយខ្លួនឯង នៅឯគ្រែដេកក្នុងផ្ទះតែម្តង។

ពេលនោះ គាត់រកលុយបានច្រើនណាស់ ដែលជាហេតុជំរុញទឹកចិត្តឲ្យគាត់ទៅបើកអាជីវកម្មផ្ទាល់ខ្លួន។ នៅឆ្នាំ១៩៨៦ កាលនោះលោកមានអាយុ ២១ឆ្នាំ Arabo បានបង្កើតក្រុមហ៊ុនគ្រឿងអលង្ការមួយកន្លែងឈ្មោះ Diamond Quasar ក្រោមម៉ាកយីហោ Jacob & Co. ។ លោកមានទស្សនៈថា៖ “ខ្ញុំត្រូវតែបង្កើតក្តីស្រមៃ បង្កើតអ្វីដែលមិនធ្លាប់មានពីមុនមក គេគិតថាវាមិនអាចទៅរួច តែខ្ញុំនឹងធ្វើឲ្យរឿងនោះក្លាយជាការពិត”។

ក្រោមការរចនា និងផលិតពីក្រុមហ៊ុនរបស់បុរសវ័យ ៥៩ឆ្នាំរូបនេះ នាឡិកាដៃប្រណីតថ្លៃៗជាច្រើនបានលេចវត្តមានលើកដៃមហាសេដ្ឋី តារាល្បីៗ និងខ្សែរាជវង្សជាច្រើន តួយ៉ាង Jay-Z, 50 Cent, Beyoncé, Big Sean, Rick Ross តារាបាល់ទាត់ David Beckham, Cristano Ronaldo, Lionel Messi ក៏ឃើញនិយមពាក់ញឹកញាប់នាឡិកាដៃរបស់ Jacob & Co. ខណៈម្ចាស់ខ្សែក្រវ៉ាត់លំដាប់ពិភពលោក Floyd Mayweather ក៏ជាម្ចាស់នាឡិកាដៃតម្លៃដល់ទៅជាង ១៨លានដុល្លារ ហើយក៏ឧស្សាហ៍ឃើញគ្រួសារមហាសេដ្ឋីប្រចាំទ្វីបអាស៊ី Mukesh Ambani ទិញពាក់ជាគ្រឿងអលង្ការលម្អខ្លួនផងដែរ។

ដោយមានអតិថិជនគោលដៅសុទ្ធសឹងតែជាមហាសេដ្ឋី អាជីវកម្មរបស់លោក Jacob Arabo បានលូតលាស់យ៉ាងជោគជ័យនៅរយៈពេលតិចជាងបួនទស្សវត្សមកនេះ ដោយបច្ចុប្បន្នកំពុងមានហាងដល់ទៅ ៩៤សាខាទូទាំងពិភពលោក និងទើបតែបានប្រកាសពីការសាងសង់អាគារ Burj Binghatti Jacob & Co. Residences កាលពីខែមិថុនា ឆ្នាំ២០២៣ ដោយសហការជាមួយអ្នកអភិវឌ្ឍន៍អចលនទ្រព្យ Emirati Binghatti ដែលជាអាគារកម្ពស់ ១០០ជាន់ ខ្ពស់កប់ពពកនៅចំកណ្តាលទីក្រុងឌូបៃ៕




