​ថៃ ​អនុម័ត​ការ​វិនិយោគតម្លៃ​ ២​ពាន់​លាន​ដុល្លារ​ នៅក្នុងមជ្ឈមណ្ឌលផ្ទុក​ទិន្នន័យ និង​គ្រឿងអេឡិចត្រូនិក

អន្តរជាតិ

ក្រុមហ៊ុនប្រឹក្សាភិបាលនៃការវិនិយោគរបស់ប្រទេសថៃ (BOI) កាលពីពេលថ្មីៗនេះ បានយល់ព្រមអនុម័តលើការវិនិយោគថ្មីៗដែលមានតម្លៃរហូតដល់ ២ពាន់លានដុល្លារ នៅក្នុងការអភិវឌ្ឍមជ្ឈមណ្ឌលផ្ទុកទិន្នន័យ និងគ្រឿងអេឡិចត្រូនិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការអនុម័តទៅលើគម្រោងវិនិយោគសរុបនេះ រួមបញ្ចូលទាំងការវិនិយោគដែលមានតម្លៃប្រមាណ ៣២,៨ពាន់លានបាត (ប្រហែល ៩៦៨លានដុល្លារ) ដោយ Google ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ Alphabet Inc ដើម្បីបង្កើតមជ្ឈមណ្ឌលទិន្នន័យដ៏ធំមួយ នៅក្នុងប្រទេស។

ទន្ទឹមនឹងនេះ BOI ក៏បានរាយការណ៍ផងដែរថា ក្រុមហ៊ុនផ្តល់សេវាកម្ម Cloud ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក Equinix បានប្រកាសថាខ្លួនកំពុងវិនិយោគទឹកប្រាក់ចំនួន ៥០០លានដុល្លារ ក្នុងការអភិវឌ្ឍមជ្ឈមណ្ឌលផ្ទុកទិន្នន័យនៅក្នុងប្រទេសថៃ សម្រាប់រយៈពេល ១០ឆ្នាំ ដើម្បីបម្រើតម្រូវការដែលកំពុងកើនឡើងខ្លាំងពីសំណាក់អតិថិជននៅក្នុងតំបន់ CLMVT ។

បញ្ជាក់ផងដែរថា CLMVT នេះ គឺសំដៅលើកម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម និងថៃ ដែលជាប្រទេសស្ថិតនៅក្នុងអនុតំបន់ទន្លេមេគង្គ។

ជម្រាបជូនថា អ្នកនាំពាក្យរដ្ឋាភិបាលថៃ បាននិយាយកាលពីថ្ងៃអាទិត្យ ទី៣ ខែវិច្ឆិកាកន្លងទៅថា ការវិនិយោគរបស់បរទេសនៅក្នុងប្រទេសថៃ បានកើនឡើង ៦០% ដល់ ១៣៤ពាន់លានបាត សម្រាប់រយៈពេលប្រាំបួនខែដំបូងនៃឆ្នាំនេះ ខណ:ប្រទេសជប៉ុន បន្តឈរលើកំពូលតារាង និងតាមពីក្រោយដោយសិង្ហបុរី ចិន អាមេរិក និងហុងកុង៕