ក្រុមហ៊ុនផលិតបន្ទះឈីបអាមេរិក Nvidia បានបង្ហាញពីការកើនឡើងយ៉ាងខ្លាំងនៃតម្លៃមូលធនទីផ្សាររបស់ខ្លួន នៅក្នុងចំណោមក្រុមហ៊ុនធំៗរបស់ពិភពលោកផ្សេងទៀត បន្ទាប់ពីត្រូវបានជំរុញយ៉ាងខ្លាំង ដោយតម្រូវការមិនចេះឈប់ឈរសម្រាប់បន្ទះឈីបប្រើប្រាស់ក្នុងបច្ចេកវិទ្យា AI របស់ខ្លួន។
តាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញឲ្យដឹងថា តម្លៃទីផ្សាររបស់ Nvidia បានកើនឡើង ៩,៣% ក្នុងខែតុលា ដល់ ៣,២ទ្រីលានដុល្លារ ស្របពេល TSMC ដែលជាក្រុមហ៊ុនផ្គត់ផ្គង់បន្ទះឈីបដ៏ធំបំផុតរបស់តៃវ៉ាន់ ក៏បានបង្ហាញពីការកើនឡើងតម្លៃទីផ្សាររបស់ខ្លួន ៦,៥% ដល់ជាង ៨៣២ពាន់លានដុល្លារ ផងដែរ។
គួរឲ្យដឹងថា ជុំវិញហក់ឡើងខ្ពស់នៃតម្លៃទីផ្សារនេះ ត្រូវបានកើតឡើងបន្ទាប់ពីក្រុមហ៊ុនផលិតបន្ទះឈីបជាប់កិច្ចសន្យាធំជាងគេបំភុតរបស់ពិភពលោក បានប្រកាសពីការកើនឡើងនៃប្រាក់ចំណូលក្នុងត្រីមាសទី៣ របស់ខ្លួន ដែលលើសពីការរំពឹងទុក និងថែមទាំងទទួលបានតម្រូវការដ៏រឹងនៅក្នុងវិស័យ AI ផងដែរ។
ទន្ទឹមនឹងនេះ Apple ដែលធ្លាប់បាត់បង់តំណែងជាក្រុមហ៊ុនមានមូលធនទីផ្សារថ្លៃបំផុតលើលោក រយ:ពេលខ្លីទៅឲ្យ Nvidia ថ្មីៗនេះ បានប្រកាសពីការធ្លាក់ចុះ ៣% នៃតម្លៃទីផ្សាររបស់ខ្លួន មកនៅត្រឹម ៣,៤ទ្រីលានដុល្លារ កាលពីខែមុន បន្ទាប់ពីមកការព្យាករអំពីកំណើនតិចតួច និងការលក់ធ្លាក់ចុះ ជាពិសេសក្នុងទីផ្សារប្រទេសចិន មុនពេលមានការស្ទុះងើបឡើងមកវិញ។
ជម្រាបជូនផងដែរថា សម្រាប់តម្លៃទីផ្សាររបស់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សអាមេរិក Meta Platforms និង Microsoft ក៏បានបង្ហាញពីការធ្លាក់ចុះរបស់ខ្លួន នៅក្នុងខែតុលា ផងដែរ បន្ទាប់ពីក្រុមហ៊ុនទាំងពីរបានព្រមានអំពីកើនឡើងនៃថ្លៃដើមក្នុងការអភិវឌ្ឍបច្ចេកវិទ្យា AI៕