សមាជិកសភាកំពូលរបស់ប្រទេសចិន បានជួបប្រជុំគ្នាកាលពីថ្ងៃចន្ទ ទី៤ ខែវិច្ឆិកា ដើម្បីរៀបចំបញ្ចេញកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចដ៏សំខាន់មួយផ្សេងទៀត ខណ:អ្នកវិភាគយល់ឃើញថាចំនួនថវិកាអាចនឹងកើនឡើងកាន់តែខ្លាំង ប្រសិនបើអតីតប្រធានាធិបតី ដូណាល់ ត្រាំ អាចយកឈ្នះតំណែងក្នុងសេតវិមានឡើងវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។
រដ្ឋាភិបាលទីក្រុងប៉េកាំង ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ បានស្តាប់តាមការអំពាវនាវ ដើម្បីដាក់ចេញផែនការគាំទ្រសេដ្ឋកិច្ចបន្តបន្ទាប់ ក្រោយពីស្ថានភាពសេដ្ឋកិច្ចមានភាពអសកម្មអស់ជាច្រើនឆ្នាំ ដោយបានប្រកាសអំពីវិធានការមួយចំនួនរួមទាំងការកាត់បន្ថយអត្រាការប្រាក់ និងការបន្ធូរបន្ថយការរឹតបន្តឹងការទិញផ្ទះមួយចំនួន។
ហើយយ៉ាងណាមិញ បើតាមក្រុមហ៊ុនវិភាគសេដ្ឋកិច្ច Nomura រំពឹងថាសមាជិកសភា នៅសប្តាហ៍នេះ នឹងអនុម័តថវិកាប្រហែល ១ទ្រីលានយ៉ន់ (១៤០ពាន់លានដុល្លារ) បន្ថែម ចូលទៅក្នុងផែនការជំរុញសេដ្ឋកិច្ចរបស់ខ្លួន។
វិធានការនេះត្រូវបានគេរំពឹងថា នឹងត្រូវបានប្រកាសនៅពេលដែលកិច្ចប្រជុំផ្លូវការត្រូវបញ្ចប់នៅថ្ងៃសុក្រ ពោលគឺនៅក្រោយពេលលទ្ធផលនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាណត្តិថ្មី នៅសហរដ្ឋអាមេរិក ត្រូវបានបង្ហាញ។
គួរឲ្យដឹងផងដែរថា បេក្ខជនប្រធានាធិបតីកំពូលពីររូប ទាំងលោក ដូណាល់ ត្រាំ និងលោកស្រី Kamala Harris សុទ្ធតែបានបង្ហាញពីការរឹតបន្តឹងកាន់តែខ្លាំងទៅលើរដ្ឋាភិបាលទីក្រុងប៉េកាំង ដោយលោក ត្រាំ បានសន្យាថានឹងយកពន្ធ ៦០% ទៅលើទំនិញចិនទាំងអស់ដែលចូលមកកាន់ប្រទេសរបស់ខ្លួន។
ជាមួយគ្នានេះ លោក Ting Lu ប្រធានសេដ្ឋវិទូចិនប្រចាំនៅក្រុមហ៊ុន Nomura បាននិយាយថា ៖”យើងជឿជាក់ថាលទ្ធផលបោះឆ្នោតរបស់សហរដ្ឋអាមេរិក នឹងមានឥទ្ធិពលទៅលើទំហំនៃកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង។ តាមទស្សនៈរបស់យើង ទំហំនៃកញ្ចប់ជំរុញសារពើពន្ធរបស់ចិន អាចនឹងកើនឡើងពី ១០% ទៅ ២០% បន្ថែមទៀត ប្រសិនបើលោក ត្រាំ យកឈ្នះទៅលើលោកស្រី Harris” ៕