ថ្មីៗនេះ នាយកប្រតិបត្តិក្រុមហ៊ុន Meta លោក Mark Zuckerberg បានចែករំលែករូបថតមួយសន្លឹកនៅលើបណ្តាញសង្គម Instagram ដែលមានពាក់នាឡិកាដ៏ប្រណីតមួយ នៅលើដៃរបស់លោក ដែលត្រូវបានគេប៉ាន់ស្មានថាមានតម្លៃរហូតដល់ជិត ១២ម៉ឺនដុល្លារ។ នេះតាមការចុះផ្សាយពីសារព័ត៌មាន Times Now។
ដោយឆ្លើយតបទៅនឹងការសាកសួររបស់អ្នកនិយមចូលចិត្តនាឡិកាលើបណ្តាញសង្គម មហាសេដ្ឋីអាមេរិករូបនេះ បានបញ្ជាក់ថានាឡិកាដែលខ្លួនពាក់នេះ គឺជាម៉ូដែល 5236P ដែលលោកធ្លាប់បានបង្ហាញការចាប់អារម្មណ៍ខ្លាំង នៅពេលបានឃើញនូវនាឡិកាដៃមួយគ្រឿង របស់លោក Anant Ambani កូនប្រុសពៅមហាសេដ្ឋីមានបំផុតនៅអាស៊ី Mukesh Ambani អំឡុងពេលមេធំ Facebook ចូលរួមកម្មវិធី Pre-Wedding របស់លោក Anant កាលពីខែមីនា។
គួរឲ្យដឹងថាតាមរយ:រូបភាពមួយសន្លឹករបស់លោក Mark ដែលបានបង្ហោះរួមជាមួយភរិយា លោកស្រី Priscilla Chan ត្រូវបានអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមមួយចំនួន ស្គាល់នាឡិកាដៃដែលលោកកំពុងពាក់ គឺជាម៉ាកដ៏ល្បីរបស់ប្រទេសស្វីស Patek Philippe ដែលជាក្រុមហ៊ុនជំនាញខាងផលិតនាឡិកាមានតម្លៃថ្លៃ និងប្លែកបំផុតនៅលើពិភពលោក។
បើតាមគេហទំព័រផ្លូវការរបស់ Patek Philippe ភាគច្រើនមិនត្រូវបានបង្ហាញឲ្យដឹងពីតម្លៃនាឡិការបស់ខ្លួននោះឡើយ។ តែទោះជាយ៉ាងណាក៏ដោយ យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយជាច្រើន បានបង្ហាញថា នាឡិកាដែលលោក Mark ពាក់នោះ មានតម្លៃចន្លោះពី ១២ម៉ឺនដុល្លារ ទៅ ១៥ម៉ឺនដុល្លារ ឬអាចមានតម្លៃថ្លៃជាងនេះ ដោយអាស្រ័យលើសម្ភារៈ ម៉ូដែល និងលក្ខណៈបច្ចេកទេសផ្សេងទៀត៕