បើតាមការចុះផ្សាយពី BBC បានឲ្យដឹងថា សហគមន៍មួយ បាននឹងកំពុងកាន់កាប់ដីប្រមាណជាង ៣២៣៧ហិកតានៅជិត Achiltibuie ក្នុងតំបន់ Coigach នៃ Wester Ross ក្រោយមានការជ្រោមជ្រែងឧបត្ថម្ភពីបុរសអ្នកមានម្នាក់ជនជាតិអង់គ្លេស។
ដើមឡើយអចលនទ្រព្យ Badentarbet Estate ត្រូវបានដាក់លក់ក្នុងតម្លៃផ្តល់ជូនជាង ២,៧លានផោនកាលពីដើមឆ្នាំ។ ឃើញដូច្នេះ លោក Ian Wace ដែលជាម្ចាស់កោះ Tanera Mor បានផ្តល់ប្រាក់ចំនួន ១,៧៥លានផោនដល់ក្រុមហ៊ុន Coigach Community Development Company (CCDC) ដើម្បីជួយទិញអចលនទ្រព្យមួយចំនួនធំនៅក្នុងតំបន់នោះ ហើយក្រៅពីនេះ ក្រុមហ៊ុន Summer Isles Enterprises (SIE) របស់លោក Wace ក៏បានទិញដីដែលនៅសេសសល់ចំនួន ៤៤៥ហិតា រួមទាំងឆ្នេរ Achnahaird និងកោះតូចៗចំនួន៤ ផ្សេងទៀត។
នាយកប្រតិបត្តិក្រុមហ៊ុន CCDC អ្នកស្រី Laura Hamlet បាននិយាយថា ដោយមានការទិញយកពីលោក Wace ផ្ទៃដីដ៏ច្រើនសន្ធឹកសន្ធាប់ ឥឡូវនេះកំពុងត្រូវបានកាន់កាប់ដោយប្រជាជន ដែលរស់នៅតំបន់នោះ។
សូមជម្រាបជូនថា លោក Ian Wace ដែលជាសហស្ថាបនិកនៃក្រុមហ៊ុន Marshall Wace និងជាសប្បុរសជនឆ្នើមមួយរូប ត្រូវបានគេប៉ាន់ប្រម៉ាណថា លោកមានទ្រព្យសម្បត្តិចំនួន ៨៧៥លានផោន និងកំពុងតែជាប់ចំណាត់ថ្នាក់ជាអ្នកមានបំផុតទី១៩៣ ក្នុងបញ្ជីឈ្មោះ 2024 The Sunday Times Rich List ៕