ក្រុមហ៊ុនមហាសេដ្ឋីឥណ្ឌា Adani ផ្អាកការផ្គត់ផ្គង់អគ្គិសនីពាក់កណ្តាល ទៅកាន់ប្រទេសបង់ក្លាដែស

អន្តរជាតិ

ក្រុមហ៊ុនថាមពលដែលគ្រប់គ្រងដោយមហាសេដ្ឋីឥណ្ឌា លោក Guatam Adani បានកាត់បន្ថយការផ្គត់ផ្គត់អគ្គិសនីរបស់ខ្លួនពាក់កណ្តាល ទៅកាន់ប្រទេសបង់ក្លាដែស បន្ទាប់ពីពួកគេមិនទាន់បានទូទាត់សង​វិក័យ​ប័ត្រ​ជំពាក់ដែលមានចំនួនទឹកប្រាក់ប្រមាណ ៨០០លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន BBC។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមមន្ត្រីជាន់ខ្ពស់នៅក្រុមប្រឹក្សាអភិវឌ្ឍថាមពលបង់ក្លាដែស បាននិយាយថាក្រុមហ៊ុន Adani Power បានកាត់បន្ថយការផ្គត់ផ្គង់អគ្គិសនីដល់ប្រទេសរបស់ខ្លួន ក្នុងខែនេះ មកនៅត្រឹមតែ ៧០០-៨០០ មេហ្គាវ៉ាត់ (MW) ប៉ុណ្ណោះ ដែលធ្លាក់ចុះពីចំនួនប្រហែល ១ ៤០០ មេហ្គាវ៉ាត់។

ទន្ទឹមនឹងនេះ លោក Muhammad Fouzul Kabir Khan មន្ត្រីជាន់ខ្ពស់ នៅក្នុងជួររដ្ឋាភិបាលបណ្តោះអាសន្នបង់ក្លាដែស បាននិយាយថា៖ “កាលពីខែមុន យើងបានជម្រះបញ្ជីចាស់ចំនួន ៩៦លានដុល្លារ ដល់ក្រុមហ៊ុន Adani ហើយក្នុងខែនេះ យើងក៏បាន​ផ្ញើ​លិខិតឥណទាន សម្រាប់​វិក័យ​ប័ត្រ​ ១៧០លានដុល្លារ ផ្សេងទៀត”។

មន្ត្រីរូបនេះបានបន្ថែមឲ្យដឹងទៀតថា ក្រុមហ៊ុន Adani បានគំរាមផ្អាកការផ្គត់ផ្គង់ថាមពលខ្លួនទាំងអស់ ប្រសិនបើលុយដែលជំពាក់នោះមិនត្រូវបានជម្រះត្រឹមថ្ងៃទី៧ ខែវិច្ឆិកាខាងមុខ ទេនោះ។

ជម្រាបជូនថា ប្រទេសបង់ក្លាដែស បានជួបការលំបាកខ្លាំង ក្នុងការទូទាត់វិក្កយបត្រអគ្គិសនីរបស់ខ្លួន ដោយសារតែការនាំចូលប្រេងឥន្ធនៈ និងទំនិញមានតម្លៃថ្លៃ ចាប់តាំងពីរុស្ស៊ី បានបើកការឈ្លានពានអ៊ុយក្រែន ក្នុងឆ្នាំ២០២២ មក។

មិនតែប៉ុណ្ណោះភាពចលាចលនយោបាយផ្ទៃក្នុង ដែលបានឈានទៅដល់ការបណ្តេញអតីតនាយករដ្ឋមន្ត្រី លោកស្រី Sheikh Hasina ឲ្យចុះចេញពីតំណែង នៅក្នុងខែសីហា ក៏ជាមូលហេតុចម្បងមួយធ្វើឲ្យប្រទេសក្នុងតំបន់អាស៊ីមួយនេះ ជួបប្រទះទៅនឹងបញ្ហាសេដ្ឋកិច្ចធ្ងន់ធ្ងរ ផងដែរ៕