ឡាវ គ្រោងបង្កើនការនាំចេញកសិផលកាន់តែច្រើន ទៅកាន់ប្រទេសចិន តាមរយៈផ្លូវដែកចិន-ឡាវ

អន្តរជាតិ

ប្រទេសឡាវ កំពុងស្វែងរកការលើកកម្ពស់ផលិតផលកសិកម្មរបស់ខ្លួនបន្ថែមទៀត និងលើកទឹកចិត្តដល់កសិករ និងអ្នកផលិតដើម្បីបង្កើនការនាំចេញកសិផលឲ្យកាន់តែច្រើន ទៅកាន់ប្រទេសចិន តាមរយៈផ្លូវដែកចិន-ឡាវ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Star។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សភាពាណិជ្ជកម្ម និងឧស្សាហកម្មជាតិឡាវ (LNCCI) និងក្រុមធុរកិច្ចចិន កាលពីពេលថ្មីៗនេះ បានជួបប្រជុំគ្នា ដើម្បីស្វែងយល់ពីសក្តានុពលនៃវិស័យកសិកម្មរបស់ប្រទេសឡាវ ជាពិសេសលើដំណាំផ្លែទុរេន សម្រាប់ការនាំចេញទៅកាន់ប្រទេសចិន។

នៅក្នុងកិច្ចប្រជុំនេះ អនុប្រធាន LNCCI លោក Bounleuth Luangpraseuth បានសង្កត់ធ្ងន់លើការរីកចម្រើនយ៉ាងឆាប់រហ័សនៃការដាំដុះទុរេន នៅក្នុងដីកសិកម្មដែលមានជីជាតិរបស់ប្រទេសឡាវ ដោយបានគូសបញ្ជាក់ពីផ្លូវដែកចិន-ឡាវ ជាការតភ្ជាប់ផ្លូវដឹកជញ្ជូនដ៏សំខាន់។

គួរឲ្យដឹងថា ឡាវរកចំណូលបានជាង ១,៤ពាន់លានដុល្លារអាមេរិក ពីការនាំចេញកសិផលរបស់ខ្លួន ក្នុងឆ្នាំ២០២៣។ ក្នុងចំណោមនោះ តម្លៃនៃផលិតកម្មក្នុងវិស័យកសិកម្ម និងព្រៃឈើ មានចំនួនជាង ២០% នៃផលិតផលក្នុងស្រុកសរុបរបស់ឡាវ ក្នុងឆ្នាំ២០២៣។

ជម្រាបជូនថា រដ្ឋាភិបាលឡាវ កំពុងលើកទឹកចិត្តកសិករ និងអ្នកផលិតផ្គត់ផ្គង់ទំនិញកាន់តែច្រើន ទៅកាន់ទីផ្សារក្នុងស្រុក និងផលិតកាន់តែច្រើនសម្រាប់ការនាំចេញ ដើម្បីនាំមកនូវរូបិយប័ណ្ណបរទេសដែលតម្រូវការច្រើន និងជួយកាត់បន្ថយអត្រាប្តូរប្រាក់បរទេសខ្ពស់៕