ក្រុមហ៊ុន General Motor (GM) កំពុងតែដណ្តើមបានចំណាត់ថ្នាក់លេខ២ ក្នុងការលក់រថយន្តអគ្គិសនី (EV) នៅសហរដ្ឋអាមេរិកដាច់ច្រើនជាងគេ ក្នុងត្រីមាសទី៣ ឆ្នាំ២០២៤នេះ ពោលលក់បានដល់ទៅចំនួន ៣២ ០០០គ្រឿង។
នៅក្នុងអ៊ីមែលមួយជាមួយ The Verge លោក James Cain នាយកប្រតិបត្តិផ្នែកហិរញ្ញវត្ថុ និងទំនាក់ទំនងផ្នែកលក់របស់ GM បានសរសេរថា ការលក់បានកើនឡើងដូច្នេះ គឺកើតឡើងចាប់តាំងពីពេលដែលក្រុមហ៊ុនបានបង្កើតវេទិកា EV ( ពីមុនត្រូវបានគេស្គាល់ថា Ultium ) ហើយបានចាប់ផ្តើមផលិតកោសិកាថ្ម តាមរយៈការបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុន LG និងក្រុមហ៊ុន Samsung SDI ។ ការលក់រថយន្ត EV នៅត្រីមាសទីបីរបស់ GM បានយកឈ្នះគូប្រកួតប្រជែង Ford ប្រហែល ៨ ៦០០គ្រឿង នេះបើយោងតាម Kelley Blue Book ដូចដែលបានរាយការណ៍ដោយកាសែត The New York Times ។
មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុន GM បានលើកឡើងថា ខ្លួនបានលក់រថយន្ត EV សរុបបានចំនួន ៣៧០ ០០០គ្រឿងនៅអាមេរិកខាងជើង ចាប់តាំងពីឆ្នាំ២០១៦ រួមទាំង ៣០០ ០០០គ្រឿងផ្សេងទៀតនៅសហរដ្ឋអាមេរិក។ ដោយឡែក ក្រុមហ៊ុន Tesla នៅតែជាអ្នកលក់រថយន្ត EV ដាច់ជាងគេ ពោលមានរថយន្តជាង ៥លានគ្រឿងត្រូវបានលក់ចាប់តាំងពីឆ្នាំ២០០៨ ៕