ប្រទេសឡាវ ជាប់ជាប្រទេសទីពីរ បន្ទាប់ពីប្រទេសឥណ្ឌូនេសុី ក្នុងចំណោមប្រទេសឈានមុខគេនៅក្នុងតំបន់អាសុីអាគ្នេយ៍ ទាក់ទងនឹងការជីកយករ៉ែនិងផលិតមាស។ ចំពោះតួលេខទិន្នផលមាសរបស់ ឡាវ ផលិតបានសរុបចំនួន ៨.៨ តោនឈរចំណាត់ថ្នាក់ទី ៤២ ខណៈដែលតួលេខទិន្នផលមាសរបស់ឥណ្ឌូនេសុី ផលិតបានសរុបចំនួន ១៣២.៥ តោនឈរចំណាត់ថ្នាក់ទី ៧ នៅក្នុងបញ្ជីប្រទេសដែលផលិតមាសច្រើន ជាងគេទាំង ៥០ នៅលើពិភពលោក។ នេះបើតាមរបាយការណ៍ចេញផ្សាយដោយក្រុមប្រឹក្សាមាសពិភពលោក (WGC) ។

ដ្បិតថាជា ប្រទេសសំបូរធនធានធម្មជាតិរ៉ែមាស តែឡាវកំពុងផុងខ្លួនក្នុងវិបត្តិយ៉ាងជ្រៅ។ ថ្មីៗនេះក្រសួងហិរញ្ញវត្ថុឡាវ បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនក្នុងស្រុក PTL Holding បង្កើតចេញជាធនាគារមាសមួយឡើងឈ្មោះថា Lao Bullion Bank (LBB)។
ធនាគារនេះជាការបណ្ដាក់ទុនរួមគ្នា ដើម្បីជាយន្តការអន្តរាគមន៍បន្ទាន់ទប់ទល់នឹងវិបត្តិសេដ្ឋកិច្ចជាតិ ក៏ដូចជាដើម្បីផ្តល់មូលនិធិបម្រុងសម្រាប់ប្រព័ន្ធសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរបស់ប្រទេស ហើយក៏ជាធនាគារដែលដើរតួនាទីជាស្ថាប័នកណ្តាលក្នុងទីផ្សារមាសក្នុងប្រទេស។
រដ្ឋាភិបាលឡាវ សម្រេចបង្កើតធនាគារមាសនេះឡើង ដើម្បីយកមាសធ្វើជាមធ្យោបាយមួយកសាងទុនបម្រុងជាមាស ពង្រឹងស្ថិរភាពហិរញ្ញវត្ថុ និងរក្សាតម្លៃរូបិយប័ណ្ណជាតិ ក៏ដូចជាគាំទ្រគោលនយោបាយរូបិយវត្ថុនិងសារពើពន្ធផងដែរ។
គួររំលឹកផងដែរថា ប្រទេសឡាវ ពឹងផ្អែកខ្លាំងលើការនាំចូលប្រេងឥន្ធនៈ និងស្បៀងអាហារហើយបានជួបវិបត្តិមូល ធនហូរចេញក្រៅប្រទេស តាំងពីឆ្នាំ ២០២២ ខណៈដែលការនាំចេញសំខាន់ៗរួមមាន រ៉ែមាស និងដុំមាស ក្រដាសសុទ្ធ ការផលិតផលក្រដាស ឈើ សំណល់ ក្រដាស ជ័រកៅស៊ូ ដំឡូងមី រ៉ែដែក ចេក សម្លៀកបំពាក់ គ្រឿងអគ្គិសនី ជី និងស្បែកជើង ជាដើម៕

អត្ថបទបន្ត៖ ប្រទេសផលិតមាសទាំង ១០ នៅលើពិភពលោកដែលជីកបានរ៉ែមាសច្រើនជាងគេបំផុត
ដកស្រង់និងប្រែសម្រួលពី៖ Link | Link