ស្របពេលដែលព្រឹត្តិការណ៍ការបោះឆ្នោតដើម្បីជ្រើសរើសប្រធានាធិបតីអាណត្តិថ្មីនៅសហរដ្ឋអាមេរិក ជាព្រឹត្តិការណ៍ធំជាការបោះឆ្នោតដែលពិភពលោកកំពុងតែទន្ទឹងរង់ចាំតាមដានយ៉ាងយកចិត្តទុកដាក់ ចំណែកឯអ្នកវិនិយោគក៏កំពុងទន្ទឹងដំណឹងថ្មីៗពាក់ព័ន្ធនឹងការវិនិយោគបន្ថែមទៀតផងដែរ។

ដ្បិតថាក្នុងចំណោមបេក្ខភាពលេចធ្លោពីររូបរវាង អតីតប្រធានាធិបតី ដូណាល់ ត្រាំ មកពីគណបក្សសាធារណរដ្ឋ និងអនុប្រធានាធិបតីផុតអាណត្តិ លោកស្រី ខាម៉ាឡា ហារីស ប្រាកដជាមាននរណាម្នាក់ អាចឈ្នះឆ្នោតឡើងកាន់ក្តាប់អំណាចសេតវិមានអាមេរិក នឹងជះឥទ្ធិពលទៅដល់ដំណើរការរបស់ពិភពលោក នៅ ៤ ឆ្នាំតទៅមុខទៀត។
ព្រឹត្តិការណ៍នេះអាចជាកត្តារួមចំណែកមួយចំនួនដែលនឹងមានឥទ្ធិពលដល់តម្លៃមាសពិភពលោក ធ្វើឲ្យតម្លៃទីផ្សារមាសនិងទីផ្សារភាគហ៊ុន នឹងមានការប្រែប្រួលខ្លាំង ដូច្នេះសូមមានការប្រុងប្រយ័ត្នបំផុតក្នុងការជួញដូរមាស។
ជាមួយគ្នានេះផងដែរ អ្នកជំនាញក្នុងស្រុកក៏បានធ្វើការណែនាំខ្លះៗបន្ថែមទៀតសូមឲ្យតាមដានរាល់ព័ត៍មាននិងទិន្នន័យឲ្យបានដិតដល់ ហើយអ្នកវិនិយោគត្រូវពិចារណាឱ្យបានហ្មត់ចត់មុននឹងសម្រេចចិត្ត៕
