ក្រោយលែងលះបានរយៈពេលប្រហែលបីឆ្នាំ (២០២១-បច្ចុប្បន្ន) ជាមួយលោក Bill Gates ស្ថាបនិកក្រុមហ៊ុន Microsoft ថ្មីៗនេះមានពាក្យចចាមអារ៉ាមថា លោកស្រី Melinda French Gates ដែលជាស្ត្រីមានភាពលេចធ្លោមួយរូបក្នុងការងារសប្បុរសធម៌នោះ កំពុងមានស្នេហាជាមួយអតីតបុគ្គលិកក្នុងក្រុមហ៊ុន Microsoft របស់អតីតស្វាមីខ្លួន គឺលោក Philip Vaughn ។ នេះបើតាមការចុះផ្សាយពី Luxury Launches ។
យោងតាមប្រវត្តិរូបនៅលើបណ្តាញសង្គម LinkedIn លោក Philip Vaughn កាលពីមុនធ្លាប់បានធ្វើការជាអ្នកសរសេរកម្មវិធីកុំព្យូទ័រនៅក្រុមហ៊ុន Microsoft ចន្លោះឆ្នាំ១៩៩៩ ដល់ឆ្នាំ២០០៨ ។ ក្នុងរយៈពេលជិត ៩ឆ្នាំនៅក្នុងក្រុមហ៊ុន លោកចាប់ផ្តើមឡើងដោយធ្វើការជាអ្នកប្រឹក្សា រួចហើយត្រូវបានតំឡើងឋានៈជាអ្នកគ្រប់គ្រងកម្មវិធី ហើយបន្ទាប់មកទៀតក៏ជាប្រធានគ្រប់គ្រងក្រុមពីឆ្នាំ២០០៥ ដល់ឆ្នាំ២០០៨ ដោយមើលការខុសត្រូវលើការចម្លងទិន្នន័យ និងការត្រួតពិនិត្យគម្រោងផ្សេងៗ។
បន្ទាប់ពីចាកចេញពី Microsoft លោក Philip បានចេញរកស៊ីនិងធ្វើការបណ្តាក់ទុនជាច្រើន ដោយក្នុងឆ្នាំ២០០៩ លោកបានចាប់ដៃគូជាមួយអតីតសហការី Microsoft លោក Rafik Robeal ដើម្បីបើកដំណើរការ Raveable ដែលជាគេហទំព័រផ្តល់ភាពងាយស្រួលដល់អ្នកទេសចរ ពាក់ព័ន្ធនឹងសណ្ឋាគារ ការធ្វើដំណើរ ស្រដៀងទៅនឹង Booking.com ផងដែរ។ បន្តបន្ទាប់មក លោកបានចូលរួមជាមួយក្រុមហ៊ុន Techstars ហើយបច្ចុប្បន្ននេះវិញលោកក៏មានតួនាទីជាប្រធានប្រតិបត្តិនៅ Tavour ដែលជាក្រុមហ៊ុនចែកចាយស្រាបៀរ។
ពាកព័ន្ធនឹងស្នេហារវាងលោក Philip និងលោកស្រី Melinda ត្រូវបានគេប្រទះឃើញស្និទ្ធស្នាលផ្អែមល្ហែមជាមួយគ្នា នៅអាហារពេលល្ងាចឯភោជនីយដ្ឋាន Le Bernardin ក្នុង Midtown Manhattan ហើយក៏ឧស្សាហ៍ឃើញអ្នកទាំងពីរ ដើរកាន់ដៃគ្នា ញញឹមសារសងយ៉ាងមានសុភមង្គល។
គួរឲ្យដឹងដែរថា បើងាកមកបុរសមានទ្រព្យកប់ពពកដល់ទៅ ១០៣ពាន់លានដុល្លារលោក Bill Gates នេះវិញក៏កំពុងមានទំនាក់ទំនងស្នេហាជាមួយលោកស្រី Paula Hurd ដែលជាអ្នកនិយមចូលចិត្តកីឡាវាយកូនបាល់ និងក៏ជាអតីតអនុប្រធានសេវាកម្មនៅ NCR ។ លោកស្រី Hurd ដែលមានប្រវត្តិធ្លាប់បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្មពីសាកលវិទ្យាល័យ Texas បច្ចុប្បន្នក៏មានតួនាទីជាប្រធាននៃ Universal Tennis Foundation ផងដែរ។ ដោយឡែកទំនាក់ទំនងរបស់លោកស្រី Melinda និង Philip អាចចាត់ទុកថាទើបតែថ្មីថ្មោង ខណៈឯលោក Bill Gates និងលោកស្រី Hurd វិញមានទំនាក់ទំនងជាមួយគ្នាបានរយៈពេលជាងមួយឆ្នាំមកហើយ៕