យោងតាមការសិក្សាមួយពីសហព័ន្ធលក់រាយជាតិ (NRF) បានបង្ហាញនៅមុនថ្ងៃបោះឆ្នោតថា អ្នកដើរទិញឥវ៉ាន់របស់សហរដ្ឋអាមេរិក អាចនឹងរងការខាតបង់រហូតដល់ទៅ ៧៨ពាន់លានដុល្លារ ក្នុងការចំណាយប្រចាំឆ្នាំរបស់ខ្លួន ប្រសិនបើផែនការពន្ធថ្មីលើការនាំចូលរបស់លោក ដូណាល់ ត្រាំ ត្រូវបានអនុវត្ត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន INC។
ការសិក្សានេះបានបង្ហាញថា ផែនការពន្ធថ្មីដែលបានស្នើឡើងដោយលោក ដូណាល់ ត្រាំ បេក្ខជនប្រធានាធិបតីបក្សសាធារណរដ្ឋ នឹងប៉ះពាល់ដល់ប្រភេទផលិតផលប្រើប្រាស់ជាច្រើនដូចជាសម្លៀកបំពាក់ ប្រដាប់ប្រដាក្មេងលេង គ្រឿងសង្ហរឹម សម្ភារ:ប្រើប្រាស់ក្នុងផ្ទះ ស្បែកជើង និងជាពិសេសទំនិញដែលផ្គត់ផ្គង់ដោយប្រទេសចិន។
គួរឲ្យដឹងថាអ្នកប្រើប្រាស់អាមេរិក បានព្យាយាមសន្សំសំចៃការចំណាយរបស់ពួកគេ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយបាននិងកំពុងតាមដានកាន់តែខ្លាំងឡើងដើម្បីកំណត់លើការចំណាយដែលមិនសំខាន់ ដែលវាបាននាំឲ្យមានការប៉ះពាល់ខ្លាំងដល់ការលក់របស់ក្រុមហ៊ុនលក់រាយ និងក្រុមហ៊ុនផលិតទំនិញប្រើប្រាស់ នៅសហរដ្ឋអាមេរិករួចទៅហើយ។
បើតាមលោក Jonathan Gold អនុប្រធាន NRF កាន់ផ្នែកខ្សែសង្វាក់ផ្គត់ផ្គង់ និងគោលនយោបាយគយ បាននិយាយថា ៖”អ្នកលក់រាយពឹងផ្អែកយ៉ាងខ្លាំងលើផលិតផលនាំចូល និងសមាសធាតុផលិត ដូច្នេះពួកគេអាចផ្តល់ជូនអតិថិជនរបស់ពួកគេ នូវផលិតផលជាច្រើនប្រភេទក្នុងតម្លៃសមរម្យ ហើយប្រសិនបើពន្ធឡើងថ្លៃនោះពួកគេ អាចនឹងមានការលំបាកកាន់តែខ្លាំង ក្នុងការរក្សាតម្លៃទំនិញ” ។
ជម្រាបជូនផងដែរថា លោក ត្រាំ កន្លងមក បានស្នើឲ្យដាក់នាំចូលពន្ធ ចន្លោះពី ១០-២០ភាគរយ លើទំនិញនាំចូលពីបរទេសទាំងអស់ ប្រសិនបើលោកជាប់ឆ្នោតឡើងវិញ។ ទន្ទឹមនឹងនោះ កាលពីខែកុម្ភៈ លោក ត្រាំ ក៏បានបញ្ជាក់ថានឹងយកពន្ធបន្ថែមពី ៦០-១០០ភាគរយ ទៅលើការនាំចូលពីប្រទេសចិន ផងដែរ៕