យុទ្ធនាការបោះឆ្នោត រវាងលោក ត្រាំ និងលោកស្រី Harris ចាយលុយច្រើនបំផុតក្នុងប្រវត្តិសាស្រ្ត អស់ជាង ៣,៥ពាន់លានដុល្លារ

អន្តរជាតិ

បេក្ខជនគណបក្សប្រជាធិបតេយ្យលោកស្រី Kamala Harris និងលោក ដូណាល់ ត្រាំ ដែលជាបេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ បានចំណាយរួមគ្នាអស់ចំនួនប្រាក់ប្រមាណ ៣,៥ពាន់លានដុល្លារ សម្រាប់ការប្រកួតប្រជែងតំណែងនៅក្នុងសេតវិមាន ដោយធ្វើឲ្យយុទ្ធនាការប្រធានាធិបតីឆ្នាំ២០២៤ នេះ ក្លាយជាការបោះឆ្នោតសកលរបស់សហរដ្ឋអាមេរិកដែលមានតម្លៃថ្លៃបំផុតក្នុងប្រវត្តិសាស្ត្រ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Financial Times។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងដំណើរឆ្ពោះទៅរកការបោះឆ្នោត យោងតាមឯកសារចុងក្រោយមួយដែលបានបង្ហាញ កាលពីពាក់កណ្តាលខែតុលាថា ទាំងលោក ត្រាំ និងលោកស្រី Harris ដែលត្រូវបានចាត់ទុកជាបេក្ខភាពប្រធានាធិបតីអាណត្តិថ្មីដ៏សំខាន់ នៅក្នុងការធ្វើយុទ្ធនាការបោះឆ្នោតនេះ ទាំងក្រុមគាំទ្រខាងក្រៅ និងគណៈកម្មាធិការគណបក្សទាំងពីរ បានប្រមូលថវិកាសរុបជិត ៤,២ពាន់លានដុល្លារ។

គួរឲ្យដឹងថា យុទ្ធនាការរបស់លោកស្រី Harris បាននាំមុខទៅលើគូប្រជែងមកពីគណបក្សសាធារណរដ្ឋរបស់លោកស្រី ដោយការប្រមូលថវិកាពីក្រុមគាំទ្រនានា រួមមានគណៈកម្មាធិការជាតិប្រជាធិបតេយ្យ និង​អង្គការ​រៃអង្គាសប្រាក់ដែលពាក់ព័ន្ធ Super Pacs អាចទាក់ទាញបានជាង ២,៣ពាន់លានដុល្លារ និងចំណាយទៅវិញអស់ ១,៩ពាន់លានដុល្លារ។

ទន្ទឹមនឹងនេះ ក្រុមរៃអង្គាសប្រាក់របស់ លោក ត្រាំ និងគណៈកម្មាធិការជាតិសាធារណរដ្ឋ អាចប្រមូលបានថវិកាត្រឹមតែ ១,៨ពាន់លានដុល្លារ ប៉ុណ្ណោះ ខណ:បានចំណាយទៅវិញអស់ ១,៦ពាន់លានដុល្លារ។

គួរឲ្យដឹងថា ប្រហែលពាក់កណ្តាលនៃការចំណាយទាំងអស់ ក្នុងអំឡុងពេលប្រកួតប្រជែងតំណែងប្រធានាធិបតីនេះ គឺផ្តោតទៅលើការផ្សាយពាណិជ្ជកម្ម និង​ផ្សព្វ​ផ្សាយលើបណ្តាញសង្គម។ នេះបើយោងតាមការវិភាគរបស់ Financial Times ដោយផ្នែកតាមឯកសារហិរញ្ញវត្ថុយុទ្ធនាការ។

សរុបមក យុទ្ធនាការរបស់គណបក្សទាំងពីរ និងក្រុមគាំទ្រខាងក្រៅ បានចំណាយទឹកប្រាក់ជិត ១,៥ពាន់លានដុល្លារ លើការផ្សាយពាណិជ្ជកម្មនៅក្នុងរដ្ឋគោលដៅសំខាន់ៗចំនួនប្រាំពីរ។ ក្នុងចំណោមនោះ ទឹកប្រាក់ច្រើនជាង ៤០០លានដុល្លារ ត្រូវបានចំណាយនៅក្នុងរដ្ឋ Pennsylvania ដែលជារដ្ឋត្រូវបានគេរំពឹងថានឹងកំណត់លើជោគវាសនារបស់បេក្ខភាពទាំងពីរ ខណ:ច្រើនជាង ៣៥៨លានដុល្លារ ផ្សេងទៀត ត្រូវបានចំណាយនៅក្នុងរដ្ឋទាំង៤៣ រួមបញ្ចូលគ្នា៕