បើលោក ដូណាល់ ត្រាំ ឈ្នះឆ្នោតក្លាយជាប្រធានាធិបតីជាលើកទី២ តើសេដ្ឋកិច្ច និងនយោបាយអាមេរិកនឹងទៅជាយ៉ាងណា?

អន្តរជាតិ

នាថ្ងៃនេះ សហរដ្ឋអាមេរិកកំពុងតែធ្វើការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ដោយក្នុងនោះអតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ និងអនុប្រធានាធិបតីលោកស្រី កាម៉ាឡា ហារីស កំពុងតែស្ថិតនៅលើសង្វៀនសន្លឹកឆ្នោតយ៉ាងស្វិតស្វាញ។ ការបោះឆ្នោតនៅប្រទេសមហាអំណាចពិភពលោកនេះ ក៏អាចជះឥទ្ធិពលដល់អនាគតនយោបាយ និងសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក និងពិភពលោកផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តែរឿងដែលគួរឲ្យចោទសួរបំផុតនោះ គឺថាតើលោកស្រី កាម៉ាឡា ហារីស នឹងក្លាយជាប្រធានាធិបតីស្ត្រីដំបូងគេក្នុងប្រវត្តិសាស្ត្រអាមេរិក ឬក៏លោក ដូណាល់ ត្រាំ ដែលនឹងត្រូវទៅកាន់តំណែងជាប្រធានាធិបតីសារជាថ្មី? ដោយឡែក បើសិនលោក ត្រាំ មានឱកាសអាចកាន់តំណែងនោះបានជាថ្មីម្តងទៀតមែន តើសេដ្ឋកិច្ច និងនយោបាយអាមេរិក ក៏ដូចជាពិភពលោក នឹងរត់លើគន្លងផ្លូវមួយណា?

ងាក់ទៅចាប់អារម្មណ៍ពេលដែលលោក ត្រាំ ធ្វើយុទ្ធនាការសម្រាប់អាណត្តិទីពីរនៅឯសេតវិមាន លោក ដូណាល់ ត្រាំ បានធ្វើការសន្យាជាហូរហែរអំពីយុទ្ធសាស្ត្រដែលនឹងធ្វើឲ្យសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកងើបឡើងវិញ។ សាររបស់លោកគឺចង់ផ្តោតលើការផ្លាស់ប្តូរជាច្រើននៅក្នុងគោលនយោបាយពាណិជ្ជកម្ម អត្ថប្រយោជន៍សន្តិសុខសង្គម និងសំណើកាត់បន្ថយអត្រាពន្ធក្នុងសាជីវកម្មយ៉ាងច្រើន ដោយលោកបានទទូចថា វិធានការដែលលោកដាក់ចេញនេះ នឹងមិនត្រឹមតែជួយស្តារឡើងវិញនូវឱកាសការងារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឲ្យអតិផរណាធ្លាក់ចុះផងដែរ។

យោងតាមរបាយការណ៍របស់ The Time ផែនការរបស់លោក ត្រាំ រួមមាន ពន្ធសកលពី១០% ទៅ២០% លើការនាំចូលទាំងអស់ ហើយបើពន្ធខ្ពស់ជាងនេះគឺដល់៦០% លើទំនិញដែលនាំចូលពីប្រទេសចិន។ លោកបានគូសបញ្ជាក់ថា ការដាក់ពន្ធគយ និងការការពារការងារជនជាតិអាមេរិក និងឧស្សាហកម្ម នឹងអាចជំរុញផលិតកម្មក្នុងស្រុក ហើយក៏ជាការកាត់បន្ថយការពឹងផ្អែកលើទំនិញនាំចូលពីបរទេស។

លោក ត្រាំ អះអាងថា គោលនយោបាយពន្ធដារ និងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការនាំយកការងារផលិតកម្ម ទៅកាន់សហរដ្ឋអាមេរិកឲ្យមានភាពលេចធ្លោឡើងវិញ នឹងកាត់បន្ថយអតិផរណាប្រកបដោយប្រសិទ្ធភាព ហើយដូចគ្នានេះវាក៏នឹងកាត់បន្ថយថ្លៃដើមនៃការរស់នៅរបស់ក្រុមគ្រួសារនៅអាមេរិក។ មិនតែប៉ុណ្ណោះ លោកជឿថា ពន្ធជាភារកិច្ចអ្នកផលិតបរទេស ដូច្នេះការចំណាយកើនឡើង នឹងមិនប៉ះពាល់ដល់ជនជាតិអាមេរិកនោះទេ។

ជាមួយគ្នា លោក ត្រាំ ក៏មានគម្រោងក្នុងការនាំយកមកវិញនូវការកាត់ពន្ធទាំងអស់ ដែលខ្លួនបានចុះហត្ថលេខាកាលពីក្នុងឆ្នាំ២០១៧ ហើយថែមទាំងកាត់បន្ថយពន្ធចំពោះបុគ្គល និងសាជីវកម្មផងដែរ ប្រសិនបើលោកឈ្នះឆ្នោត។ តាមផែនការរបស់លោក ក៏នឹងកាត់បន្ថយការបង្កើនអត្រាពន្ធសាជីវកម្មពីចំនួន២១% មកនៅត្រឹម១៥% ដោយលើកហេតុផលថា ការកាត់បន្ថយនឹងជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតការងារឲ្យប្រជាជនបានកាន់តែច្រើន។ តែយ៉ាងណា អ្នកវិភាគបានព្យាករណ៍ថា ការកាត់បន្ថយពន្ធរបស់លោក ត្រាំ អាចនឹងបង្កើនបំណុលជាតិដល់ចំនួន ៥,៨ទ្រីលានដុល្លារក្នុងរយៈពេលមួយទស្សវត្ស នេះបើតាមរបាយការណ៍ពី Times ។

ពាក់ព័ន្ធនឹងបំណុលប្រាក់កម្ចីនិស្សិត នៅខែមិថុនា ឆ្នាំ២០២៣ លោក ត្រាំ បានសរសើរដល់តុលាការកំពូល ដែលបញ្ឈប់ផែនការបន្ធូរបន្ថយបំណុលនិស្សិតរបស់ប្រធានាធិបតី ចូ បៃដិន ។ គួរឲ្យដឹងថា មុនពេលតុលាការសម្រេចដូច្នេះ លោក បៃដិន បានលុបចោលប្រាក់កម្ចីនិស្សិតដល់ទៅចំនួនជាង ១៧៥ពាន់លានដុល្លាររួចបាត់ទៅហើយ ចាប់តាំងពីលោកឡើងកាន់តំណែងមក ដែលនេះច្រើនជាងប្រធានាធិបតីណាណាទាំងអស់ក្នុងប្រវត្តិសាស្ត្រនយោបាយអាមេរិក។ យោងតាមរបាយការណ៍ លោក ត្រាំ ថាខ្លួនអាចនឹងបញ្ឈប់ផែនការលើកលែងបំណុលកម្ចីនិស្សិតរបស់រដ្ឋបាល Biden រួមទាំងគំនិតផ្តួចផ្តើមផ្តល់ប្រាក់កម្ចីសេវាសាធារណៈឲ្យចប់សព្វគ្រប់តែម្តង។

ទន្ទឹមនឹងនោះ លោក ត្រាំ បានប្តេជ្ញាកាត់បន្ថយតម្លៃថាមពលរបស់ប្រជាជនអាមេរិកពាក់កណ្តាល ក្នុងរយៈពេលមួយឆ្នាំនៃការចូលកាន់តំណែង ដែលជាផ្នែកសំខាន់នៃផែនការរបស់លោកក្នុងការកាត់បន្ថយអតិផរណា។  លោក ត្រាំ ថាគាត់នឹងពង្រីកការខួងប្រេង និងឧស្ម័នឲ្យបានឆាប់រហ័ស ហើយកាត់បន្ថយឧបសគ្គផ្សេងៗរបស់រដ្ឋាភិបាល ចំពោះការសាងសង់រោងចក្រថាមពលដែលធ្លាប់កើតមាន មិនតែប៉ុណ្ណោះលោកអាចដាក់ចេញវិធានការបញ្ចុះតម្លៃឧស្ម័នក្រោម ២ដុល្លារក្នុងមួយហ្គាឡុងផងដែរ។

នៅក្នុងនយោបាយជាមួយអង្គការណាតូ លោក ត្រាំ បានរិះគន់មិនសំចៃទៅលើអង្គការមួយនេះនាពេលកន្លងមក។ មាត្រា៥ របស់អង្គការណាតូ បានចែងថា ការវាយប្រហារប្រឆាំងនឹងក្រុមប្រទេសជាសមាជិកណាតូមួយ ឬច្រើន ត្រូវបានចាត់ទុកថាជាការវាយប្រហារប្រឆាំងនឹងក្រុមប្រទេសជាសមាជិកណាតូទាំងអស់។ លោកថា សហរដ្ឋអាមេរិកនឹងមិនជួយសមាជិកផ្សេងទៀតតាមមាត្រា៥ ដែលបានចែងនោះឡើយ ប្រសិនបើប្រទេសផ្សេងវាយប្រហារពួកគេ។ រដ្ឋបាលលោក បៃដិន បានដឹកនាំណាតូជួយអ៊ុយក្រែន ជាមួយនឹងកាគាំទ្រទាំងយោធា និងហិរញ្ញវត្ថុ ដើម្បីទប់ស្កាត់ការឈ្លានពានពីការកាន់កាប់របស់រុស្ស៊ី។ ផ្ទុយទៅវិញ លោក ត្រាំ បានបញ្ជាក់ថា លោកនឹងបញ្ចប់ការគាំទ្រដូច្នេះ ហើយនឹងដាក់សម្ពាធទៅលើទីក្រុង Kyiv ឲ្យទទួលយកសន្តិភាពតាមលក្ខណ្ឌរបស់ទីក្រុងមូស្គូ។

សូមជម្រាបជូនថា គិតនៅត្រឹមម៉ោង ១២ថ្ងៃត្រង់ថ្ងៃទី៦ ខែវិច្ឆិកានេះ បេក្ខភាពឈរឈ្មោះប្រជែងតំណែងប្រធានាធិបតី លោក ដូណាល់ ត្រាំ មកពីគណបក្សសាធារណរដ្ឋ កំពុងតែមានប្រៀបលើសំឡេងគាំទ្រ៥១% ទៅនឹងអនុប្រធានាធិបតីលោកស្រី កាម៉ាឡា ហារីស ដែលកំពុងមានសំឡេងគាំទ្រពីពលរដ្ឋអាមេរិក៤៧,៤% នេះបើតាមការឲ្យដឹងពី CNN Politics ៕