រដ្ឋសំខាន់ៗទំាងនេះ នឹងកំណត់ជោគវាសនាចុងក្រោយរបស់បេក្ខជនប្រធានាធិបតីអាមេរិក

អន្តរជាតិ

នៅក្រោមរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក រដ្ឋនីមួយៗក្នុងចំណោមរដ្ឋទាំង៥០ របស់សហរដ្ឋអាមេរិក នឹងត្រូវរៀបចំការបោះឆ្នោតរៀងៗខ្លួន ដើម្បីជ្រើសរើសប្រធានាធិបតីអាណត្តិថ្មី ប៉ុន្តែក្នុងចំណោមនោះ រដ្ឋសំខាន់ៗមួយចំនួនដែលគេហៅថា Swing states នឹងក្លាយជាកន្លែងដែលត្រូវកំណត់ជោគវាសនាចុងក្រោយថា នរណានឹងត្រូវក្តោបក្តាប់អំណាចនៅក្នុងសេតវិមាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទាំងអនុប្រធានាធិបតី លោកស្រី Kamala Harris និងអតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ ម្តងហើយម្តងទៀតបានធ្វើទស្សនកិច្ចទៅកាន់រដ្ឋសំខាន់ៗទាំងនេះ ដើម្បីធ្វើយុទ្ធនាការរបស់ខ្លួន ក្នុងគោលបំណងទាក់ទាញចំណាប់អារម្មណ៍កាន់តែច្រើន ដោយសង្ឃឹមថានឹងធ្វើឲ្យពួកគេប្រមូលយ៉ាងហោចណាស់អង្គបោះឆ្នោត ២៧០ សម្លេង ដើម្បីគ្រប់គ្រាន់ក្នុងការយកឈ្នះ ការបោះឆ្នោតនេះ។

គួរឲ្យដឹងថារដ្ឋសមរភូមិ ឬហៅថា Swing states គឺជាពាក្យដែលត្រូវបានប្រើឡើងទៅលើរដ្ឋដែលមិនមានការគាំទ្រភាគច្រើន ច្បាស់លាស់ ឬជាប់លាប់ សម្រាប់បេក្ខជនរបស់គណបក្សប្រជាធិបតេយ្យ ឬសាធារណរដ្ឋនោះឡើយ។

តាមការចុះផ្សាយពីសារព័ត៌មាន CBS News រដ្ឋសំខាន់ៗដែលត្រូវបានចាត់ទុកជាសមរភូមិដ៏ក្តៅគគុក នៅក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៤​ នេះ មានដូចជា Georgia, North Carolina, Arizona, Michigan, Nevada, Pennsylvania និងរដ្ឋ Wisconsin។

រដ្ឋទាំងនេះ ជាធម្មតាត្រូវបានកំណត់គោលដៅដោយយុទ្ធនាការរបស់គណបក្សធំៗទាំងពីរ ជាពិសេសនៅក្នុងការបោះឆ្នោតដែលមានការប្រកួតប្រជែងខ្លាំង ខណ:ការគាំទ្រដែលរំពឹងអាចទាញយកបានពីអ្នកបោះឆ្នោតនៅក្នុងរដ្ឋទាំងនោះ គឺមានភាពពិបាកខ្លាំង បើធៀបទៅនឹងរដ្ឋផ្សេងៗទៀត។

​ដោយសារតែ swing states មានសារៈសំខាន់បែបនេះហើយ ទើបបេក្ខជនប្រធានាធិបតីអាមេរិកតែងតែផ្ដោត និងចំណាយពេលច្រើនលើសលុបក្នុងការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតនៅតាមរដ្ឋទាំងនេះ បើទោះជាការធ្វើដូច្នេះហាក់បង្ហាញពីការមិនអើពើជាមួយនឹងបណ្ដារដ្ឋផ្សេងទៀតដែល គាំទ្រពួកគេក៏ដោយ៕