កូនស្រីស្ថាបនិកក្រុមហ៊ុនយក្ស Microsoft លោក Bill Gates គឺអ្នកនាង Jennifer Gates Nasser និងស្វាមី Nayel Nassar បានស្វាគមន៍សមាជិកថ្មី ទទួលបានកូនស្រីម្នាក់ទៀតយ៉ាងស្រស់ស្អាត ក្រោយសម្រាលយ៉ាងជោគជ័យ។ នេះបើតាមការចេញផ្សាយដោយគេហទំព័រ Realtor.com ។

កូនស្រីលោក Bill Gates គឺអ្នកនាង Jennifer ដែលបច្ចុប្បន្នមានអាយុ ២៨ឆ្នាំនោះ បានបង្ហោះរូបភាពលើបណ្តាញសង្គម Instagram មួយសន្លឹកពោរពេញដោយក្តីស្រឡាញ់ និងភាពកក់ក្តៅចេញពីដួងចិត្ត បង្ហាញនូវកូនស្រីរបស់ខ្លួនទើបនឹងកើតឈ្មោះ Mia កំពុងគេងយ៉ាងស្កប់ស្កល់លើគ្រែ ខណៈឯបងស្រីច្បងឈ្មោះ Leila កំពុងតែសម្លឹងប្អូនស្រីយ៉ាងយកចិត្តទុកដាក់ បង្ហាញអត្ថន័យនៃសុភមង្គល។

ទន្ទឹមនឹងនោះ លោកស្រី Melinda French Gates ជាម្តាយបង្កើតរបស់អ្នកនាង Jennifer បានឲ្យដឹងថា ចៅស្រីទីពីររបស់ខ្លួន Mia បានកើតនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ពោលគឺចំថ្ងៃដែលខួបអាពាហ៍ពិពាហ៍រយៈពេលបីឆ្នាំរវាងកូនស្រីបង្កើត Jennifer និងកូនប្រសារ Nayel Nassar ។
ដោយឡែក បើងាកមកទំនាក់រវាងលោក Bill Gates និងលោកស្រី Melinda វិញហាក់មិនមានភាពជោគជ័យ ដោយអ្នកទាំងពីរបានលែងលះគ្នា ខណៈបច្ចុប្បន្នម្នាក់ៗសុទ្ធតែមានស្នេហារៀងខ្លួន ដោយលោកស្រី Melinda ទើបតែមានទំនាក់ទំនងស្នេហាក្នុងនាមជាសង្សារជាមួយលោក Philip Vaughn ដែលជាអតីតបុគ្គលិកក្នុងក្រុមហ៊ុនប្តីខ្លួន ស្របពេលលោក Bill Gates វិញមានសង្សារជាមួយលោកស្រី Paula Hurd បានជាងមួយឆ្នាំមកហើយ៕
