អេស្ប៉ាញ ប្រកាសផ្តល់ជំនួយជាង ១១ពាន់លានដុល្លារ បន្ទាប់ពីជួបគ្រោះមហន្តរាយទឹកជំនន់

អន្តរជាតិ

ប្រទេសអេស្ប៉ាញ កាលពីដើមសប្តាហ៍នេះ បានប្រកាសចេញនូវកញ្ចប់ជំនួយដែលមានតម្លៃ ១០,៦ពាន់លានអឺរ៉ូ (១១,៥ពាន់លានដុល្លារ) ដើម្បី​ស្តារ​ឡើងវិញនូវតំបន់ដែលត្រូវបានបំផ្លិចបំផ្លាញ ដោយសារគ្រោះទឹកជំនន់ដ៏អាក្រក់បំផុត នៅក្នុងប្រវត្តិសាស្រ្តសម័យទំនើបរបស់អេស្ប៉ាញ។​ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អាជ្ញាធរតុលាការក្នុងតំបន់ក្នុងទីក្រុង Valencia បាននិយាយកាលពីថ្ងៃអង្គារថា ពួកគេបានរាយបញ្ជីមនុស្សចំនួន ៨៩ នាក់ដែលបានបញ្ជាក់ថាបានបាត់ខ្លួន ដោយផ្អែកលើការវិភាគរបស់ប៉ូលីស និងក្រុមអ្នកស៊ើបអង្កេតកោសល្យវិច្ច័យ ក្រោយខ្យល់ព្យុះដ៏កាចសាហាវ បានបោកបក់មកកាន់តំបន់ភាគខាងកើតរបស់ប្រទេសអេស្ប៉ាញ កាលពីមួយសប្តាហ៍មុន ​បង្កជាទឹកជំនន់ដោយបានបន្សល់ទុកនូវការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ។

នាយករដ្ឋមន្រ្តីអេស្ប៉ាញ លោក Pedro Sanchez បានបញ្ជាក់ថា រដ្ឋាភិបាលនឹងផ្តល់ប្រាក់ជំនួយចំនួន ៨៣៨លានអឺរ៉ូដល់ប្រជាជន ដែលរងផលប៉ះពាល់ដោយទឹកជំនន់ ដែលបានឆកយកជីវិតមនុស្សយ៉ាងហោចណាស់ ២១៩នាក់។

កញ្ចប់ជំនួយនេះ ក៏រួមបញ្ចូលទាំងប្រាក់កម្ចីរហូតដល់ ៥ពាន់លានអឺរ៉ូ សម្រាប់ក្រុមហ៊ុនធុនតូច និងមធ្យម អ្នកធ្វើការឯករាជ្យ និងគ្រួសារ ដើម្បីជួយស្តារឡើងវិញនូវអាជីវកម្ម និងលំនៅដ្ឋានរបស់ពួកគេ។

ទន្ទឹមនឹងនេះ ក៏មានការផ្តល់កញ្ចប់ជំនួយផ្សេងទៀត រួមទាំងការបន្ធូរបន្ថយពន្ធ ការផ្តល់អត្ថប្រយោជន៍ថ្ងៃឈប់សម្រាក ការឧបត្ថម្ភសម្រាប់ការខូចខាត និងបាត់បង់ទ្រព្យសម្បត្តិ និងការជួសជុលហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវថ្នល់ និងផ្លូវដែកជាដើម៕