ទ្រព្យសម្បត្តិសរុបរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានគេប៉ាន់ប្រមាណថា បានកើនឡើងដល់ចំនួន ៦,៣ពាន់លានដុល្លារ ពោលគឺលើសទ្រព្យសម្បត្តិរបស់សមាជិករាជរង្សអង់គ្លេសមួយចំនួន រួមទាំងស្តេច Charles និងព្រះអង្គម្ចាស់ William ជាដើម។
តាមការចុះផ្សាយពីសារព័ត៌មាន Forbes បានបង្ហាញឲ្យដឹងថា ទ្រព្យសម្បត្តិរបស់លោក ត្រាំ បានកើនឡើងជិត ៣០០ លានដុល្លារ បន្ទាប់ពីជ័យជម្នះនៅក្នុងការបោះឆ្នោតប្រធានាធិបតីរបស់លោក កាលពីថ្ងៃពុធកន្លងទៅ។ ចំនួននេះ ក៏បានធ្វើឲ្យលោក ត្រាំ ជាប់ឈ្មោះជាអ្នកមានបំផុតទី ៥២៨ នៅលើពិភពលោក ផងដែរ។
គួរឲ្យដឹងផងដែរថា ជុំវិញការកើនឡើងទ្រព្យសម្បត្តិដ៏ច្រើននេះ លោក ត្រាំ ត្រូវបានគេរាយការណ៍ថា ទទួលបានពីការកើនឡើងនៃតម្លៃភាគហ៊ុននៅក្នុងក្រុមហ៊ុន Trump Media & Technology Group ក៏ដូចជាអាជីវកម្មធំៗផ្សេងទៀត នៅក្នុងវិស័យអចលនទ្រព្យជាដើម។
ជាមួយគ្នានេះ យោងតាមការចុះផ្សាយពីសារព័ត៌មាន Fortune បានបង្ហាញឲ្យដឹងទៀតថា លោក ត្រាំ ក៏នឹងទទួលបានប្រាក់ឈ្នួលដល់ទៅ ៤ សែនដុល្លារ សម្រាប់តំណែងជាប្រធានាធិបតីរបស់លោក ផងដែរ។
តាមរយ:ទំហំទ្រព្យសម្បត្តិដ៏ច្រើននេះ ក៏បានធ្វើឲ្យលោក ត្រាំ វ៉ាដាច់ ស្តេចរបស់ចក្រភពអង់គ្លេស ព្រះអង្គម្ចាស់ Charles ផងដែរ ដោយទ្រង់មានទ្រព្យសម្បត្តិសរុបប្រមាណ ៧៧២លានដុល្លារអាមេរិក។ នេះបើតាមរបាយការណ៍ពី Sunday Times Rich List។
ដោយឡែក បើតាមទស្សនាវដ្ដី Time ក៏បានកត់សម្គាល់ផងដែរថា ទ្រព្យសម្បត្តិរបស់ព្រះអង្គម្ចាស់ William នៃប្រទេសវេលស៍ ត្រូវបានគេប៉ាន់ប្រមាណថាមានចំនួនសរុប ១ពាន់លានផោន (១,៣ពាន់លានដុល្លារ) ដែលទទួលបានពីគ្រប៉គ្រងលើតំបន់ Duchy of Cornwall។ តំបន់នេះគ្របដណ្តប់លើផ្ទៃដីជាង ៥២ ០០០ ហិកតា រួមទាំងដីស្រែចំការ លំនៅដ្ឋាន អចលនទ្រព្យពាណិជ្ជកម្ម និងឆ្នេរសមុទ្រ៕