Starbucks Korea ត្រូវបានគេរាយការណ៍ថា គ្រោងនឹងបើកសាខាថ្មីមួយរបស់ខ្លួន នៅកន្លែងសង្កេតការណ៍ ក្នុងទីក្រុង Gimpo ខេត្ត Gyeonggi ប្រទេសកូរ៉េខាងត្បូង ដោយមានចម្ងាយត្រឹមតែ ១,៤ គីឡូម៉ែត្រ ប៉ុណ្ណោះ ពីព្រំដែនបែងចែកគ្នារវាងកូរ៉េខាងជើង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន South China Morning Post។
ទីតាំងថ្មីរបស់ហាងលក់កាហ្វេដ៏ល្បីល្បាញរបស់ពិភពលោកមួយនេះ នឹងស្ថិតនៅជាន់ទីពីរនៃអគារ Jogang Observatory ក្នុងឧទ្យាន Aegibong Peace EcoPark ខណ: Starbucks គ្រោងនឹងដំណើរការបើកហាងថ្មីរបស់ខ្លួនេះ នៅថ្ងៃទី២៧ ខែវិច្ឆិកា ខាងមុខ។
គួរឲ្យដឹងថា ហាងទំហំ ១៣៦ ម៉ែត្រការ៉េ ដែលមានកៅអីប្រហែល ១០ នឹងផ្តល់ឲ្យភ្ញៀវអាចមើលឃើញទិដ្ឋភាពទាំងស្រុង ទៅកាន់តំបន់ Kaepung ក្នុងខេត្ត North Hwanghae របស់ប្រទេសកូរ៉េខាងជើង។
ឧទ្យាន Aegibong Peace EcoPark ត្រូវបានទទួលស្គាល់ថាជាកន្លែងមួយសម្រាប់ការអភិរក្សបរិស្ថាន និងបម្រើជាកន្លែងបង្កាត់ពូជសម្រាប់ប្រភេទសត្វដែលជិតផុតពូជ ហើយត្រូវបានកំណត់យ៉ាងតឹងរ៉ឹងលើការចេញចូលរបស់ជនស៊ីវិល ខណ:អ្នកទស្សនាទាំងអស់ ចាំបាច់ត្រូវត្រួតពិនិត្យដោយយោធា មុនពេលអាចចូលទៅក្នុងឧទ្យានបាន។
ជម្រាបជូនផងដែរថា ប្រទេសកូរ៉េខាងត្បូងមានហាង Starbucks សរុបចំនួន ១ ៨៩៣ គិតត្រឹមឆ្នាំ២០២៣ ដែលជាចំនួនខ្ពស់បំផុតទីបួន នៅទូទាំងពិភពលោក។ នេះបើតាមរបាយការណ៍ចេញផ្សាយដោយសារព័ត៌មាន BusinessKorea ៕