មហាសេដ្ឋីមានដាច់គេលើពិភពលោក Elon Musk កាលពីពេលថ្មីៗនេះ បានឃើញទ្រព្យសម្បត្តិរបស់ខ្លួន កើនឡើងដល់ ២៦,៥ពាន់លានដុល្លារ បន្ទាប់ពីថ្ងៃដែលលោក ដូណាល់ ត្រាំ បានឈ្នះឆ្នោតជាប្រធានាធិបតីអាមេរិកអាណត្តិថ្មី។
ជុំវិញការកើនឡើងដ៏ច្រើននេះ បានកើតឡើងបន្ទាប់ពីតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla បានហក់ឡើងដល់ជាង ១៤% កាលពីថ្ងៃពុធ ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងរយ:ពេល ២ឆ្នាំចុងក្រោយ ខណ:នេះបានធ្វើឲ្យទ្រព្យសម្បត្តិរបស់លោក Musk កើនឡើងច្រើនជាងមុនដល់ជាង ១១% ផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។
ជាមួយនឹងចំនួនទ្រព្យសម្បត្តិសរុបប្រមាណ ២៩០ពាន់ដុល្លារ លោក Musk នៅតែបន្តជាប់ឈ្មោះជាមហាសេដ្ឋីមានដាច់គេនៅលើពិភពលោក។ ទ្រព្យសម្បត្តិរបស់ស្ថាបនិកក្រុមហ៊ុន Tesla រូបនេះ បានកើនឡើងជិត ២៧% រួចមកហើយ គិតនៅក្នុងឆ្នាំនេះ។
គួរឲ្យដឹងផងដែរថា ក្រុមហ៊ុន Tesla ត្រូវបានគេជឿជាក់ថា នឹងទទួលបានអត្ថប្រយោជន៍កាន់តែច្រើន ពីការឈ្នះឆ្នោតរបស់លោក ត្រាំ ខណៈពេលដែលប្រធានាធិបតីរូបនេះ ធ្លាប់បានសន្យាថានឹងផ្តល់តំណែងធំមួយជូនដល់លោក Musk នៅក្នុងសេតវិមាន។
ជម្រាបជូនផងដែរថា Musk បានបង្ហាញការគាំទ្រយ៉ាងខ្លាំងចំពោះយុទ្ធនាការរបស់លោក ត្រាំ មុនការបោះឆ្នោត នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X របស់ខ្លួន ហើយថែមទាំងបានចំណាយលុយអស់ជាង ១៣០លានដុល្លារលើ America PAC ដែលជាគណៈកម្មាធិការនយោបាយមួយបង្កើតឡើងដើម្បីជួយដល់លោក ត្រាំ ក្នុងការដំណ្តើមយកតំណែងនៅក្នុងសេតវិមានឡើងវិញ ផងដែរ៕