លោក Wang Ning ស្ថាបនិកក្រុមហ៊ុន Pop Mart International Group ត្រូវគេរាយការណ៍ថាបានជាប់ឈ្មោះក្នុងបញ្ជីមហាសេដ្ឋីមានបំផុតរបស់ប្រទេសចិន ជាលើកដំបូង ក្រោយទ្រព្យសម្បត្តិរបស់លោកកើនឡើងដល់ជាង ៥ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Forbes។
ក្រុមហ៊ុន Pop Mart ដែលត្រូវបានស្គាល់ថាជាក្រុមហ៊ុនបង្កើតរបស់ក្មេងលេងធំបំផុតមួយរបស់ពិភពលោក ជាពិសេសតុក្កតា Labubu ដ៏ពេញនិយម កាលពីពេលថ្មីៗនេះ បានរាយការណ៍ថាប្រាក់ចំណូលរបស់ខ្លួននៅឆមាសទី១ ក្នុងឆ្នាំ២០២៤ បានកើនឡើងជិត ២ ភាគ ៣ ដល់ចំនួនសរុបប្រមាណ ៤,៦ពាន់លានយ៉ន់ (៦៤២លានដុល្លារ) បើធៀបទៅនឹងរយ:ពេលដូចគ្នាកាលពីឆ្នាំមុន ជាមួយនឹងការលក់នៅខាងក្រៅប្រទេសចិន បានហក់ឡើងខ្ពស់ជាងបីដង។
ទន្ទឹមនឹងនេះ តម្លៃភាគហ៊ុនរបស់ Pop Mart ក៏បានកើនឡើងជិតបីដងផងដែរ បើធៀបគ្នាទៅនឹងឆ្នាំមុន ដោយនេះបានជំរុញឲ្យលោក Wang Ning ដែលជាប្រធាន និងនាយកប្រតិបត្តិរបស់ក្រុមហ៊ុន កើនឡើងទ្រព្យសម្បត្តិសរុបចំនួន ៥,៥ពាន់លានដុល្លារ។
គួរឲ្យដឹងថា ខណ:ចិននៅតែជាទីផ្សារកំពូលរបស់ខ្លួនក៏ដោយ ប៉ុន្តែក្នុងរយ:ពេលចុងក្រោយនេះ ការលក់របស់ក្រុមហ៊ុន Pop Mart នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ហាក់មានកំណើនលឿនបំផុត តាមរយ:ការលក់លើគេហទំព័រទិញទំនិញអនឡាញដូចជា Lazada និង Shopee ជាដើម។
ជម្រាបជូនផងដែរថា ចាប់តាំងពីការចាប់ផ្តើមក្រុមហ៊ុនដំបូងរបស់ខ្លួនក្នុងឆ្នាំ២០១០ Pop Mart ដែលបានចុះបញ្ជីនៅក្នុងទីផ្សារហ៊ុនហុងកុង បានបើកហាងសរុបចំនួន ៥០០ នៅទូទាំងពិភពលោក ដោយក្នុងនោះមានប្រហែល ៤០០ ហាង នៅក្នុងប្រទេសចិន ខណ:នៅសហរដ្ឋអាមេរិកមានប្រមាណជាង ១០ ហាង៕