ក្រុមហ៊ុន Nissan គ្រោងកាត់បន្ថយចំនួនបុគ្គលិកជិត ១ម៉ឺននាក់ ដោយសារមូលហេតុចម្បងនេះ

អន្តរជាតិ

ក្រុមហ៊ុនផលិតរថយន្ត Nissan បាននិយាយថា ខ្លួនគ្រោងនឹងកាត់បន្ថយការងារចំនួន ៩ ពាន់នាក់ ក៏ដូចជាកាត់បន្ថយសមត្ថភាពផលិតកម្មសកលមួយភាគប្រាំផងដែរ ចំពេលមានការរំពឹងទុកថាប្រាក់ចំណេញប្រចាំឆ្នាំរបស់ខ្លួនអាចធ្លាក់ចុះខ្លាំង ដោយសារប្រឈមមុខនឹងបញ្ហានៃការលក់ទាំងនៅក្នុងប្រទេសចិន និងសហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុនផលិតរថយន្តធំជាងគេបំផុតទី៣ របស់ប្រទេសជប៉ុនមួយនេះ​បានកាត់បន្ថយការព្យាករប្រាក់ចំណេញប្រតិបត្តិការប្រចាំឆ្នាំរបស់ខ្លួនចំនួន ៧០% មកនៅត្រឹម ១៥០ពាន់លានយ៉េន (៩៧៥លានដុល្លារ) ប៉ុណ្ណោះ ដែលជាការកែប្រែចុងក្រោយបំផុតមួយ បន្ទាប់ពីមានការកាត់បន្ថយ ១៧% កាលពីដើមឆ្នាំនេះ។

នាយកប្រតិបត្តិក្រុមហ៊ុន លោក Makoto Uchida បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីពេលថ្មីៗនេះថា៖ “Nissan នឹងរៀបចំរចនាសម្ព័ន្ធអាជីវកម្មរបស់ខ្លួនឡើងវិញ ដើម្បីផ្តល់ភាពធូរស្រាល និងមានភាពធន់ជាងមុន ខណ:ការរៀបចំឡើងវិញនូវការគ្រប់គ្រងលើចំនួនការងារនេះ គឺដើម្បីឆ្លើយតបឲ្យបានឆាប់រហ័ស និងមានភាពបត់បែន ចំពោះការផ្លាស់ប្តូរនៅក្នុងបរិយាកាសអាជីវកម្មរបស់ក្រុមហ៊ុន”។

ជម្រាបជូនផងដែរថា ការលក់សកលរបស់ក្រុមហ៊ុន Nissan បានធ្លាក់ចុះ ៣,៨% មកនៅត្រឹម ១,៥៩ លានគ្រឿងប៉ុណ្ណោះ សម្រាប់ឆមាសទីមួយនៃឆ្នាំហិរញ្ញវត្ថុ ២០២៤ ដែលភាគច្រើនកើតឡើងដោយសារតែការធ្លាក់ចុះ ១៤,៣% នៃការលក់នៅក្នុងប្រទេសចិន។

ទន្ទឹមនឹងនេះ ការលក់នៅសហរដ្ឋអាមេរិក ក៏បានធ្លាក់ចុះជិត ៣% ផងដែរ មកនៅត្រឹមប្រហែល ៤៤៩ ០០០ គ្រឿងប៉ុណ្ណោះ ខណ:ទាំងទីផ្សារប្រទេសចិន និងសហរដ្ឋអាមេរិក បូកចូលគ្នាមានចំនួនជិតពាក់កណ្តាលនៃការលក់សកលរបស់ក្រុមហ៊ុន Nissan ដោយគិតលើបរិមាណ៕