ការនាំចេញដែករបស់ចិន បន្តកើនឡើងខ្ពស់​ ចំពេល​មាន​ភាព​តានតឹងផ្នែក​ពាណិជ្ជកម្ម

អន្តរជាតិ

ការនាំចេញដែកថែបរបស់ប្រទេសចិន នៅក្នុងខែតុលា បានឈានដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន រយ:ពេល ៩ឆ្នាំចុងក្រោយ បន្ទាប់ពីត្រូវបានជំរុញដោយតម្រូវការខ្លាំងនៅក្រៅប្រទេស បើទោះបីមានភាពតានតឹងផ្នែកពាណិជ្ជកម្ម ក្រោយការបោះឆ្នោតនៅសហរដ្ឋអាមេរិក ក៏ដោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការនាំចេញដែករបស់ចិន បានកើនឡើងដល់ ១១,២ លានតោន កាលពីខែមុន ពោលគឺបានកើនឡើង ៤០,៨% បើធៀបរយ:ពេលដូចគ្នា កាលពីឆ្នាំមុន ខណ:នេះជាកម្រិតដ៏ខ្ពស់បំផុតមួយ គិតចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៥ មក។ នេះបើយោងតាមទិន្នន័យទទួលបានពី​រដ្ឋបាល​គយចិន។

ទន្ទឹមនឹងនេះ លោក Ma Zhipan អ្នកវិភាគប្រចាំក្រុមហ៊ុន Chaos Ternary Futures បាននិយាយថា ការនាំចេញដែកថែបរបស់ចិន នៅក្នុងខែតុលា បានកើនឡើងខ្ពស់លើសពីការរំពឹងទុក ដែលបង្ហាញថាក្រុមហ៊ុនផលិតកំពុងប្រញាប់ប្រញាល់ ក្នុងការនាំចេញផលិតផលរបស់ខ្លួន មុនពេលការដំឡើងពន្ធថ្មីអាចកើតមាន ក្រោយការបោះឆ្នោតនៅអាមេរិក។

មិនតែប៉ុណ្ណោះ លោក Ma បានបង្ហាញក្តីរំពឹងទុកទៀតថា ការនាំចេញដែករបស់ចិន ទៅក្រៅប្រទេសនឹងបន្តកើនឡើងកាន់តែច្រើន នៅក្នុងខែវិច្ឆិកា និងធ្នូ ឆ្នាំនេះ។

ជម្រាបជូនផងដែរថា នៅក្នុងឆ្នាំ២០២៣ ប្រទេសចិន បានបង្កើនការនាំចេញផលិតផលដែករបស់ខ្លួន ៣៦,២% ដល់ចំនួន ៩០,៣ លានតោន ស្របពេលការ​នាំ​ចូល ​មាន​ចំនួន​ ៧,៦៤​ លាន​តោន ​ធ្លាក់​ចុះ​ ២៧,៦%​ បើ​ធៀប​នឹង​ឆ្នាំ២០២២៕