ទំនាក់ទំនងដ៏ជិតស្និទ្ធបំផុតរវាងនាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk ជាមួយនឹងប្រធានាធិបតីទើបជាប់ឆ្នោត លោក ដូណាល់ ត្រាំ ក្នុងពេលថ្មីៗនេះ ហាក់កំពុងផ្តល់នូវលទ្ធផលវិជ្ជមានយ៉ាងខ្លាំង សម្រាប់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្សរបស់អាមេរិកមួយនេះ ដែលរំពឹងថានឹងកាន់តែទទួលបានអត្ថប្រយោជន៍កាន់តែច្រើនបន្ថែមទៀត។
ជាក់ស្តែង ទ្រព្យសម្បត្តិសរុបរបស់លោក Musk ត្រូវបានគេរាយការណ៍ថាបានកើនឡើងលើសពីចំនួន ៣០០ពាន់លានដុល្លារ ជាលើកដំបូង ក្នុងរយ:ពេល ២ឆ្នាំចុងក្រោយ ខណ:ដែលធ្វើឲ្យគម្លាតទ្រព្យសម្បត្តិរបស់លោកកើនឡើងដល់ទៅ ៧០ពាន់លានដុល្លារ បើធៀបទៅនឹងប្រធានក្រុមហ៊ុន Orcale លោក Larry Ellison ដែលជា មហាសេដ្ឋីមានបំផុតទីពីរលើកលោក។
ទន្ទឹមនឹងនេះ តម្លៃមូនធនទីផ្សាររបស់ក្រុមហ៊ុន Tesla ក៏បានកើនឡើងលើសពី ១ទ្រីលានដុល្លារ ផងដែរ គិតត្រឹមចុងសប្តាហ៍មុន ស្របពេលការហក់ឡើងដ៏ខ្ពស់នេះ ត្រូវបានកើតឡើង បន្ទាប់ពីការជាប់ការបោះឆ្នោតរបស់លោក ដូណាល់ ត្រាំ ជាប្រធានាធិបតីអាមេរិកអាណត្តិថ្មី។
គួរឲ្យដឹងផងដែរថា លោក Musk នៅតែជាម្ចាស់ភាគហ៊ុនធំជាងគេរបស់ Tesla ដោយកាន់កាប់ភាគហ៊ុនសរុប ១៣ភាគរយ ដែលមានតម្លៃសរុបប្រហែល ១៣០ពាន់លានដុល្លារ។
យ៉ាងណាក៏ដោយ តម្លៃភាគហ៊ុនបច្ចុប្បន្នរបស់ Tesla នៅតែទាបជាង ២៥% នៃតម្លៃភាគហ៊ុនដែលធ្លាប់កើនឡើងដល់កម្រិតខ្ពស់បំផុត ក្នុងចំនួន ៤១៥ដុល្លារក្នុងមួយហ៊ុន កាលពីចុងឆ្នាំ២០២១ នៅពេលដែលទ្រព្យសម្បត្តិសរុបរបស់លោក Musk ឡើងដល់ចំនួនប្រហែល ៣២០ពាន់លានដុល្លារ។
ជម្រាបជូនផងដែរថា លោក Musk បានចំណាយទឹកប្រាក់អស់ប្រហែល ១៣០លានដុល្លារ នៅក្នុងការរួមចំណែកសម្រាប់យុទ្ធនាការបោះឆ្នោតរបស់លោក ត្រាំ ខណ:ពេលដែលម្ចាស់ក្រុមហ៊ុន Tesla ត្រូវបានចាត់ទុកថាជាមនុស្សលេចធ្លោបំផុតម្នាក់ នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំនេះ។