Bitcoin កំពុងហក់ឡើងតម្លៃជិតដល់ ៨ម៉ឺនដុល្លារជាលើកដំបូង បន្ទាប់ពីត្រូវបានជំរុញដោយការឡើងកាន់តំណែងជាប្រធានធិបតីអាមេរិកអាណត្តិថ្មី របស់លោក ដូណាល់ ត្រាំ ដែលនាំឲ្យមានក្តីរំពឹងទុកខ្ពស់ថាវិស័យរូបិយប័ណ្ណឌីជីថល នឹងកាន់តែមានភាពធំទូលាយជាងមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។
កាក់គ្រីបគូបនេះ បានកើនឡើង ៤,៥% ដល់តម្លៃ ៧៩ ៧៧១ដុល្លារ កាលពីថ្ងៃអាទិត្យ ទី១០ ខែវិច្ឆិកា ដែលជាតម្លៃខ្ពស់បំផុតមិនធ្លាប់មាន ខណ:ដែលបានធ្វើឲ្យកាក់គ្រីបតូតូចៗផ្សេងទៀត ដូចជា Cardano និង Dogecoin កើនឡើងតម្លៃតាម ផងដែរ។
គួរឲ្យដឹងផងដែរថា ការកើនឡើងរបស់កាក់ Bitcoin ក្នុងពេលថ្មីៗនេះ ក៏បានជំរុញឲ្យមានការប៉ាន់ស្មានថាតម្លៃទីផ្សាររូបិយប័ណ្ណគ្រីបតូពិភពលោក ហក់ឡើងរហូតដល់ ២,៧ទ្រីលានដុល្លារ។ នេះបើយោងតាម CoinMarketCap ដែលជាទីផ្សារប្តូររូបិយប័ណ្ណគ្រីបតូដ៏ធំបំផុតមួយ។
ជម្រាបជូនផងដែរថា កន្លងមក លោក ត្រាំ ធ្លាប់បានបេ្តជាថាខ្លួន នឹងលើកកម្ពស់ដល់ការប្រើប្រាស់រូបិយប័ណ្ណឌីជីថលកាន់តែទូលំទូលាយជាងមុន ក៏ដូចជាតែងតាំងមន្ត្រីថ្មីដែលមានជំនាញខាងផ្នែកទ្រព្យសម្បត្តិឌីជីថល នៅក្នុងជួររដ្ឋាភិបាលរបស់លោក ផងដែរ ខណ:ពេលដែលជំហរនេះ ហាក់ផ្ទុយស្រឡះទៅនឹងការបង្ក្រាបលើទ្រព្យសម្បត្តិឌីជីថល ដែលធ្វើឡើងក្រោមការដឹកនាំរបស់ប្រធានធិបតី លោក ចូ បៃដិន៕