CZ ទទួលបានការផ្តល់ជូនដើម្បីលក់ភាគហ៊ុននៅក្នុងក្រុមហ៊ុន Binance ក្រោយចេញពីពន្ធនាគារ

អន្តរជាតិ

Changpeng Zhao ដែលត្រូវបានគេស្គាល់ជាទូទៅថា CZ ថ្មីៗនេះ ត្រូវបានគរាយការណ៍ថា លោកកំពុងទទួលបានការផ្តល់ជូនដើម្បីលក់ចេញភាគហ៊ុនរបស់ខ្លួន នៅក្នុងក្រុមហ៊ុន Binance បន្ទាប់ពីលោកត្រូវបានដោះលែងចេញពីពន្ធនាគារនៅសហរដ្ឋអាមេរិក កាលពីចុងខែកញ្ញា ក្រោយជាប់ទោសអស់រយ:ពេល ៤ខែ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោក Zhao មិនបានបង្ហាញពីឈ្មោះ ឬអត្តសញ្ញាណរបស់ភាគី ដែលជាប់អារម្មណ៍នៅក្នុងការទិញយកភាគហ៊ុនដែលខ្លួនមាននៅក្នុងក្រុមហ៊ុន Binance នៅឡើយនោះទេ។

ទន្ទឹមនឹងនេះ ស្ថាបនិកក្រុមហ៊ុន Binance រូបនេះ ក៏បាននិយាយនៅក្នុងបទសម្ភាសជាលើកដំបូង ចាប់តាំងពីត្រូវបានដោះលែងចេញពីពន្ធនាគារអាមេរិក ថា ៖”ខ្ញុំមិនអាចនិយាយបានថា ខ្ញុំនឹងបន្តកាន់កាប់ភាគហ៊ុនក្នុង Binance ជារៀងរហូតឬអត់នោះទេ។ ខ្ញុំ​រីករាយ​ក្នុង​ការ​ពិនិត្យ​មើល​រាល់​ការ​ផ្តល់​ជូន ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ ខ្ញុំ​មិន​ទាន់បានទទួលយកសំណើណាមួយនៅឡើយ​ទេ។ ប៉ុន្តែ​អ្នក​ដឹង​ទេថា នៅ​ត្រង់ចំណុច​នេះ ខ្ញុំ​គ្រាន់​តែ​ជា​ម្ចាស់​ភាគហ៊ុន​ធម្មតា​ម្នាក់ក្នុងក្រុមហ៊ុនប៉ុណ្ណោះ”។

ទ្រព្យសម្បត្តិសរុបរបស់លោក Zhao ត្រូវបានគេប៉ាន់ប្រមាណថាចំនួនមានប្រហែល ៦១ពាន់លានដុល្លារ និងកាន់កាប់ភាគហ៊ុនសរុបដល់ទៅ ៩០% នៅក្នុង Binance ដែលជាក្រុមហ៊ុននេះត្រូវបានបង្កើតឡើង ក្នុងឆ្នាំ២០១៧។

ជម្រាបជូនផងដែរថា លោក Zhao ត្រូវបានតុលាការអាមេរិក សម្រេចកាត់ទោសឲ្យជាប់ពន្ធនាគារ បន្ទាប់ពីលោកបានសារភាពកំហុសចំពោះការខកខានក្នុងការអនុវត្តលើការត្រួតពិនិត្យឡើងវិញឲ្យបានគ្រប់គ្រាន់ ដែល​បង្ករ​ឲ្យមានការលាងលុយកខ្វក់​ នៅលើវេទិកាប្តូររូបិយប័ណ្ណគ្រីបតូរបស់ខ្លួន៕