ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន បានរាយការណ៍កាលពីពេលថ្មីៗនេះថា ប្រទេសចិន និងឥណ្ឌូណេស៊ី បានឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលមានតម្លៃរហូតដល់ទៅ ១០ពាន់លានដុល្លារ ដោយផ្តោតលើវិស័យសំខាន់ៗជាច្រើន រួមមានម្ហូបអាហារ ថាមពលថ្មី បច្ចេកវិទ្យា និងជីវបច្ចេកវិទ្យា ក្នុងអំឡុងវេទិកាធុរកិច្ចឥណ្ឌូណេស៊ី-ចិន ដែលរៀបចំធ្វើឡើងនៅទីក្រុងប៉េកាំង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
វេទិកាដ៏ធំនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំមួយកាលពីថ្ងៃសៅរ៍ រវាងប្រធានាធិបតីចិនលោក ស៊ី ជិនពីង និងប្រធានាធិបតីឥណ្ឌូណេស៊ី Prabowo Subianto បន្ទាប់ពីលោកបានជ្រើសរើសយកប្រទេសចិន សម្រាប់ដំណើរទស្សនកិច្ចជាលើកដំបូង ចាប់តាំងពីចូលកាន់តំណែង កាលពីខែមុនមក។
យ៉ាងណាមិញ ក្នុងចំណោមកិច្ចព្រមព្រៀងនោះ ក៏រួមមានបញ្ចូលទាំងការចុះហត្ថលេខា រវាងក្រុមហ៊ុនផលិតសម្ភារៈអគុយរបស់ចិន GEM ជាមួយក្រុមហ៊ុន PT Vale Indonesia ដើម្បីសាងសង់រោងចក្រផលិតទឹកអាស៊ីតសម្ពាធខ្ពស់ (HPAL) នៅលើកោះ Central Sulawesi ដោយមានលោក Prabowo បានធ្វើជាសាក្សី ក្នុងការចុះហត្ថលេខានេះ។
នៅក្នុងវិស័យបច្ចេកវិទ្យា ក្រុមហ៊ុនបច្ចេកវិទ្យាឥណ្ឌូណេស៊ី GoTo Gojek Tokopedia បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ជាមួយក្រុមហ៊ុន Tencent និង Alibaba របស់ប្រទេសចិន ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធពពក និងសមត្ថភាពឌីជីថល នៅក្នុងប្រទេសឥណ្ឌូណេស៊ី ផងដែរ។ នេះបើតាមការរាយការណ៍បន្ថែមពីសារព័ត៌មាន Reuters ។
ទន្ទឹមនឹងនេះ យោងតាមសេចក្តីថ្លែងការណ៍រួម បានបង្ហាញឲ្យដឹងទៀតថា ប្រទេសទាំងពីរ នឹងដាក់ចេញវិធានការទិដ្ឋាការថ្មី រួមទាំងទិដ្ឋាការស្នាក់នៅរយៈពេលវែង និងលើកទឹកចិត្តឲ្យមានការហោះហើរត្រង់ និងបង្កើនទិសដៅបន្ថែមទៀត ដោយផ្អែកលើតម្រូវការ។
ជម្រាបជូនផងដែរថា សម្រាប់កិច្ចព្រមព្រៀងសហប្រតិបត្តិការផ្សេងទៀតដែលត្រូវបានចុះហត្ថលេខាក្នុងអំឡុងដំណើរទស្សនកិច្ចរបស់ Prabowo នេះ ក៏រួមមានទាំងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យលំនៅដ្ឋាន និងការនាំចេញដូងស្រស់ពីប្រទេសឥណ្ឌូណេស៊ី ទៅកាន់ប្រទេសចិន ផងដែរ៕