ចិន បញ្ចេញរ៉ុក្កែតជំនាន់ថ្មី ដូចគ្នាស្ទើទាំងស្រុងទៅនឹងយាន Starship របស់ក្រុមហ៊ុន ​SpaceX

អន្តរជាតិ

ទីភ្នាក់ងារអវកាសរបស់ប្រទេសចិន កាលពីពេលថ្មីៗនេះ បានដាក់បង្ហាញពីរ៉ុក្កែតធន់ធ្ងន់ជំនាន់ថ្មីរបស់ខ្លួន ដែលមើលទៅមានរូបរាងស្ទើតែដូចគ្នាទាំងស្រុង ទៅនឹងយាន Starship របស់ក្រុមហ៊ុន SpaceX ដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Independent។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រូបភាពថ្មីចុងក្រោយនៃរ៉ុក្កែតជំនាន់ថ្មីនេះ ត្រូវបានឲ្យឈ្មោះថា Long March 9 ដែលត្រូវបានដាក់តាំងបង្ហាញនៅឯការតាំងពិពណ៌អាកាសចិនលើកទី១៥ រៀបចំធ្វើឡើងនៅក្នុងទីក្រុង Zhuhai ប្រទេសចិន។

យោងតាមបទបង្ហាញនៅក្នុងកម្មវិធីនោះ រ៉ុក្កែតនេះ នឹងត្រូវបង្កើតឡើងចែកចេញជាពីរដំណាក់កាល សម្រាប់ផែនការបាញ់បង្ហោះអវកាសយានិកទៅកាន់ឋាន​ព្រះ​ច័ន្ទ​ ខណ:លក្ខណ:ពិសេសរបស់វា គឺនឹងអាចយកប្រើប្រាស់ឡើងវិញបានទាំងស្រុង ពោលគឺដូចគ្នាទៅនឹងយាន Starship របស់មហាសេដ្ឋី Elon Musk ដែរ។

ក្រៅពីនេះ ក៏នៅមានភាពដូចគ្នាមួយចំនួនផ្សេងទៀត ដូចជាឧបករណ៍រុញច្រានយាននៅដំណាក់កាលទី១ របស់ Long March 9 នឹងត្រូវបំពាក់ដោយម៉ាស៊ីន YF-215 ចំនួន ៣០ ដែលដំណើរការដោយអុកស៊ីសែនរាវ និងឧស្ម័នមេតានរាវ ពោលគឺដូចទៅនឹងឧបករណ៍រុញយាន Starship ដែលត្រូវបានគេស្គាល់ថាជា Super Heavy ដែរ ដោយវាមានម៉ាស៊ីន Raptor ជំនាន់ថ្មីចំនួន ៣៣ គ្រឿង ដែលប្រើប្រាស់ម៉ាស៊ីនដំណើរការដោយថាមពលដូចគ្នានេះ។



គួរឲ្យដឹងផងដែរថា យាន Long March 9 ដែលកំពុងត្រូវបានបង្កើតឡើងដោយសាជីវកម្មរដ្ឋ China Academy of Launch Vehicle Technology (CALT) នេះ នឹងមានកម្ពស់ ១១៤ម៉ែត្រ និងមានសមត្ថភាពផ្ទុកបន្ទុកយ៉ាងតិច ១៥០ តោនទៅកាន់គន្លងផែនដីទាប (LEO ) ខណ:យាន Starship មានកម្ពស់ ១២២ម៉ែត្រ ជាមួយនឹងសមត្ថភាពផ្ទុកបន្ទុក LEO ស្រដៀងគ្នា ផងដែរ។

ជម្រាបជូនផងដែរថា បើទោះបីជាមានភាពដូចគ្នាច្រើនក៏ដោយ ប៉ុន្តែយាន Long March 9 ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមបាញ់បង្ហោះជាលើកដំបូង ក្នុងឆ្នាំ២០៣៣ ចំណែកឯ Starship មានការបាញ់សាកល្បងចំនួន ៥លើករួចមកហើយ ខណ:ការតេស្តសាកឡើងលើកទី៦ នឹងត្រូវចាប់ផ្តើមឡើងនៅថ្ងៃទី១៨ ខែវិច្ឆិកាខាងមុខ៕