ក្រុមហ៊ុន Toyota បានបង្ហាញពីគោលបំណងក្នុងការផលិតរថយន្តឲ្យបានយ៉ាងហោចណាស់ ២,៥ លានគ្រឿងក្នុងមួយឆ្នាំ នៅក្នុងប្រទេសចិន ត្រឹមឆ្នាំ២០៣០ ដើម្បីផ្សារភ្ជាប់ការលក់ និងផលិតកម្មរបស់ខ្លួននៅក្នុងប្រទេសនេះ ឲ្យកាន់តែនៅជិតគ្នា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
ជុំវិញផែនការបង្កើនការផលិតនេះ ត្រូវបានចាត់ទុកថាជាយុទ្ធសាស្រ្តថ្មីចុងក្រោយមួយរបស់ Toyota ដើម្បីគូសបញ្ជាក់ពីមហិច្ឆតារបស់ខ្លួន ក្នុងការដំណ្តើមយកមកវិញនូវចំណែកទីផ្សាររបស់ខ្លួនដែលបាត់បង់ទៅឲ្យក្រុមហ៊ុន BYD និងក្រុមហ៊ុនផលិតរថយន្តក្នុងស្រុកផ្សេងទៀត ក្នុងរយ:ពេលប៉ុន្មានឆ្នាំថ្មីៗនេះ។
មិនតែប៉ុណ្ណោះ វាត្រូវបានគេយល់ឃើញទៀតថា យុទ្ធសាស្ត្ររបស់ក្រុមហ៊ុន Toyota នេះ គឺហាក់ផ្ទុយពីក្រុមហ៊ុនផលិតរថយន្តរបស់ពិភពលោកផ្សេងទៀត រួមទាំងក្រុមហ៊ុនជប៉ុនផងដែរ ដែលកំពុងតែដកថយ ឬដកខ្លួនចេញពីទីផ្សារប្រទេសចិនតែម្តង។
ទន្ទឹមនឹងនេះ ក្រុមហ៊ុន Toyota ក៏បានជូនដំណឹងដល់អ្នកផ្គត់ផ្គង់មួយចំនួនរួចផងដែរ អំពីការបង្កើនការផលិតដែលខ្លួនបានគ្រោងទុក ដោយសង្ឃឹមថានឹងអាចធានាដល់អ្នកផលិតគ្រឿងបន្លាស់ឡើងវិញ ពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះប្រទេសចិន និងធានាបាននូវខ្សែសង្វាក់ផ្គត់ផ្គង់បន្ថែមទៀត។
ជម្រាបជូនផងដែរថា ជុំវិញការបង្កើនចំនួនផលិតឲ្យដល់ ២,៥ លានគ្រឿងក្នុងមួយឆ្នាំនេះ គឺកើនឡើង ៦៣% បើធៀបទៅនឹងចំនួនកំណត់ត្រា ១,៨៤ លានគ្រឿងដែល Toyota បានផលិតនៅក្នុងប្រទេសចិន ក្នុងឆ្នាំ២០២២ ខណ:កាលពីឆ្នាំ២០២៣ ពួកគេផលិតរថយន្តបាន ១,៧៥ លានគ្រឿង៕