ក្រុមហ៊ុនលក់អាហារសម្រន់ KFC Indonesia ថ្មីៗនេះ បានរាយការណ៍ពីការខាតបង់ទឹកប្រាក់ចំនួន ៥៥៧ពាន់លានរូពៀ (ប្រមាណជាង ៣៦លានដុល្លារអាមេរិក) គិតនៅត្រឹមត្រីមាសទី៣ នៃឆ្នាំ២០២៤៤ នេះ ដែលបណ្តាលឲ្យពួកគេសម្រេចបិទហាងដល់ទៅ ៤៧ និងបណ្តេញបុគ្គលិកចេញជាង ២ ពាន់នាក់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។
នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួន ក្រុមហ៊ុន PT Fast Food Indonesia Tbk (FAST) ដែលជាម្ចាស់ KFC Indonesia បានបង្ហាញឲ្យដឹងថា ក្នុងរយៈពេលប្រាំបួនខែដំបូងនៃឆ្នាំនេះ ក្រុមហ៊ុនបានកាត់បន្ថយចំនួនហាងប្រតិបត្តិការរបស់ខ្លួនពីចំនួន ៧៦២ ក្នុងឆ្នាំ២០២៣ មកនៅត្រឹម ៧១៥ ហាង ស្របពេលកម្លាំងការងារក៏បានថយចុះគួរឲ្យកត់សម្គាល់ផងដែរ ដែលឥឡូវនេះមានបុគ្គលិកត្រឹម ១៣ ៧០០ នាក់ ប៉ុណ្ណោះ បើធៀបនឹងចំនួនជិត ១៦ ០០០ នាក់ពីមុន។
យ៉ាងណាមិញ ចំពោះកត្តាដ៏សំខាន់បំផុតដែលនាំឲ្យមានការធ្លាក់ចុះនៃប្រាក់ចំណូលរបស់ FAST នេះ គឺដោយសារតែធ្លាក់ចុះយ៉ាងខ្លាំងនៃការលក់អាហារ និងភេសជ្ជៈ ដែលសរុបចូលគ្នាមានចំនួនទឹកប្រាក់ ៣,៥ទ្រីលានរូពៀ គិតត្រឹមត្រីមាសទី៣ ដែលជាការថយចុះប្រចាំឆ្នាំជាង ២២%។
មិនតែប៉ុណ្ណោះ ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន FAST បានចាត់ទុកការធ្លាក់ចុះទាំងនេះថាជាផលប៉ះពាល់អវិជ្ជមានដ៏យូរអង្វែងបំផុតនៃជំងឺកូវីដ-១៩ ខណ:ការងើបឡើងវិញ នៅមិនទាន់អាចជួយក្រុមហ៊ុន ឲ្យសម្រេចបាននូវគោលដៅលក់ដែលរំពឹងទុករបស់ខ្លួននៅឡើយនោះទេ ចំពេលលក្ខខណ្ឌទីផ្សារកាន់តែមានភាពយ៉ាប់យ៉ឺន និងធ្ងន់ធ្ងរឡើង ដោយសារតែវិបត្តិនៅតំបន់មជ្ឈឹមបូព៌ាដែលកំពុងបន្ត៕