កម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរបរទេសប្រមាណ ៤,៨លាននាក់នៅរយៈពេល ៩ខែដំបូងនៃឆ្នាំ២០២៤ ដោយចំនួននេះគឺជាការកើនឡើង២២% ពីមួយឆ្នាំទៅមួយឆ្នាំ ខណៈឯប្រទេសហ្វីលីពីនវិញ បានទាក់ទាញភ្ញៀវទេសចរបានត្រឹមចំនួន ៤,០៨លាននាក់ប៉ុណ្ណោះ។
ក្នុងចំណោមភ្ញៀវទេសចរមកពីបណ្តាប្រទេសទាំងអស់នៅលើពិភពលោក ភ្ញៀវទេសចរដែលធ្វើដំណើរមកកាន់ប្រទេសកម្ពុជាច្រើនជាងគេនៅរយៈពេលចន្លោះពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៤នេះ គឺជាភ្ញៀវមកពីប្រទេសថៃ ដែលមានចំនួនប្រមាណ ១,៥២លាននាក់ តាមពីក្រោយដោយភ្ញៀវទេសចរមកពីប្រទេសវៀតណាមមានចំនួនជាង ៩៧៣ ០០០នាក់ និងភ្ញៀវមកពីប្រទេសសចិនមានចំនួនប្រមាណ ៦០៧ ០០០នាក់។ នេះបើតាមរបាយការណ៍ពីក្រសួងទេសចរណ៍កម្ពុជា។
យ៉ាងណា បើងាកទៅអំឡុងពេលដែលមានជំងឺឆ្លងរាតត្បាតកូវីដ១៩ វិញ ប្រទេសហ្វីលីពីនបានទទួលស្វាគមន៍ភ្ញៀវទេសចរបរទេសប្រមាណ ៨,២លាននាក់ ស្របពេលប្រទេសកម្ពុជាឯណេះវិញ បានទទួលស្វាគមន៍ត្រឹមចំនួន ៦,៦លាននាក់ប៉ុណ្ណោះ។
ថ្វីត្បិតដូច្នេះមែន ឧស្សាហកម្មទេសចរណ៍របស់ហ្វីលីពីន កំពុងសម្លឹង និងដាក់គោលដៅកំណត់ទាក់ទាញទេសចរបរទេសឲ្យចូលមកកាន់ប្រទេសរបស់ខ្លួនឲ្យបានចំនួន ៧,៧លាននាក់ត្រឹមចុងឆ្នាំ២០២៤។
សូមជម្រាបជូនថា នៅឆ្នាំ២០១៩ មុនពេលដែលមានការរាតត្បាតជំងឺឆ្លងជាសកលនោះ ចិនគឺជាប្រភពទេសចរធំបំផុតទីពីររបស់ហ្វីលីពីន ពោលមានរហូតដល់ទៅចំនួន ១,៧លាននាក់ យ៉ាងណាក៏ដោយនៅឆ្នាំ២០២៣ ការមកដល់របស់ទេសចរចិនមានត្រឹម២០% ប៉ុណ្ណោះបើធៀបនឹងមុនការរីករាលដាលនៃជំងឺឆ្លង ដោយមានត្រឹម ២៦៣ ០០០នាក់៕