បុរសវ័យ ៤១ឆ្នាំលោក Zhang Yiming គឺជាស្ថាបនិកនៃក្រុមហ៊ុន ByteDance ដែលគ្រប់គ្រងបណ្តាញសង្គមដ៏ល្បីល្បាញ TikTok បច្ចុប្បន្នមានទ្រព្យរហូតដល់ទៅ ៤៩,៣ពាន់លានដុល្លារ និងក៏ជាអ្នកមានបំផុតនៅប្រទេសចិន។ បើតាមទស្សនាវដ្តី Fortune បានបង្ហាញថា រូបលោកមានភាគហ៊ុននៅក្នុងក្រុមហ៊ុន ByteDance ចំនួន២០% ដែលជាក្រុមហ៊ុនឯកជនមួយទទួលបានប្រាក់ចំណូលដល់ទៅ ១១០ពាន់លានដុល្លារកាលពីឆ្នាំមុន។
ក្រុមហ៊ុនចិនមួយនេះ មានតម្លៃលើទីផ្សារច្រើនជាង ២២៥ពាន់លានដុល្លារ ខណៈក្នុងនោះគ្រាន់តែរាប់ត្រឹមតម្លៃបណ្តាញសង្គម TikTok តែមួយគត់នោះ ត្រូវបានគេប៉ានស្មានថាមានតម្លៃដល់ទៅ ១០០ពាន់លានដុល្លារទៅហើយ។ នេះបើយោងតាមឈ្មួញកណ្តាល Wedbush Securities ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានបញ្ជាក់ប្រាប់។
យ៉ាងណាក៏ដោយ ភាពជោគជ័យរបស់មហាសេដ្ឋី Zhang Yiming មិនមែនដល់ចំណុចនេះត្រឹមរយៈពេលតែមួយយប់ ដូចការយល់សប្តិនោះឡើយ ដោយជីវិតក្នុងអាជីវកម្មរបស់លោកបានហែលឆ្លងកាត់ ក្នុងវាលទុក្ខផង ក្នុងវាលសុខផង ទម្រាំបានឆ្លងដល់ភាពជោគជ័យដូចពេលសព្វថ្ងៃ។
សារព័ត៌មាន VN Express បានចុះផ្សាយថា លោក Zhang Yiming កើតនៅឆ្នាំ១៩៨៣ ដែលមានម្តាយឳពុកសុទ្ធសឹងតែជាមន្ត្រីរាជការ។ ធំធាត់ឡើងនៅ Longyan ដែលជាទីក្រុងមួយស្ថិតនៅខេត្ត Fujian ភាគនិរតីនៃប្រទេសចិន។ លោកបានបញ្ចប់ការសិក្សាកម្រិតថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Nankai ក្នុងឆ្នាំ២០០៥ ជាកន្លែងដែលលោកសិក្សាដំបូងអំពីជំនាញ Microelectronics មុនពេលប្តូរជំនាញទៅចាប់យកជាវិស្វករសូហ្វវែរ (Software Engineering) វិញ។
អំឡុងរៀនថ្នាក់សាកលវិទ្យាល័យនោះ លោកបានរកលុយក្រៅម៉ោងបន្ថែម តាមរយៈការបង្កើតវែបសាយ និងជួសជុលកុំព្យូរទ័រឲ្យសិស្ស។ ក្រោយពីបញ្ចប់ការសិក្សា លោកបានចេញធ្វើការក្នុងក្រុមហ៊ុនជាលើកដំបូងបង្អស់ក្នុងជីវិតនៅឯ Kuxun ដែលជាក្រុមហ៊ុនកក់សំបុត្រធ្វើដំណើរតាមប្រព័ន្ធឌីជីថល ក្នុងនាមជាវិស្វករសូហ្វវែរ។ ព្រោះតែមានទេពកោសល្យខ្ពស់ ធ្វើការបានពីរឆ្នាំ លោកបានដឹកនាំក្រុមការងារមានគ្នាខ្ទង់ ៤០ទៅ៥០នាក់ ទទួលខុសត្រូវចំពោះបច្ចេកវិទ្យា Back-end និងភារកិច្ចទាក់ទងនឹងផលិតផល។
ភាពជាអ្នកដឹកនាំប្រកបដោយក្រមសីលធម៌ និងទំនួលខុសត្រូវខ្ពស់ចំពោះកាងារ បានបន្តខ្លួនឲ្យលោកចូលរួមជាមួយនឹងក្រុមហ៊ុន Microsoft បានរយៈពេល ៦ខែ មុនពេលដូរទៅធ្វើការនៅក្រុមហ៊ុន Fanfou ។ យ៉ាងណាក៏ដោយ ការងាររបស់លោកនៅ Microsoft ហាក់មិនទាក់ទងនឹងភាពប៉ិនប្រសព្វរបស់ខ្លួន ។ នេះបើតាមការលើកឡើងរបស់លោក Zhang Yiming នៅឆ្នាំ២០១៤ អំឡុងកិច្ចសម្ភាសន៍ជាមួយ Caishi Media ដោយបន្ថែមត្រង់ចំណុចនោះទៀតថា កាលនោះខ្លួនធ្វើការតែកន្លះថ្ងៃ ហើយចំណាយពេលដែលនៅសល់អានតែសៀវភៅ។
ដោយទទួលបានព័ត៌មានច្រើនពីសៀវភៅ រួមផ្សំជាមួយជំនាញដែលខ្លួនចេះជាវិស្វករសូហ្វវែរ និងមានចក្ខុវិស័យវែងឆ្ងាយផងនោះ លោក Zhang ក៏បែកគំនិតចង់បង្កើត App មួយដែលពោរពេញដោយការចែកចាយមាតិកាគួរឲ្យចាប់អារម្មណ៍នៅចុងឆ្នាំ២០១១ ។ នៅឆ្នាំដដែល លោកបានបង្កើតក្រុមហ៊ុន ByteDance ក្នុងផ្ទះល្វែងមួយកន្លែងមានបួនបន្ទប់ ស្ថិតនៅភាគខាងជើងទីក្រុង Beijing ដោយកាលនោះជួលមួយខែគេយក ២ ៧៨០ដុល្លារ។
ក្រុមហ៊ុនរបស់លោកបានបង្កើតស្នាដៃដំបូងគឺជា Toutiao ជាកម្មវិធីប្រមូលព័ត៌មានដែលដំណើរការដោយបញ្ញាសិប្បនិម្មិត (AI) ។ នៅឆ្នាំ២០១៤ App មួយនេះមានអ្នកប្រើប្រាស់កើនឡើងរហូតដល់ ២២០លាននាក់ ដែលក្នុងនោះមានមនុស្សចំនួន ២០លាននាក់ជាអ្នកប្រើប្រាស់ជារៀងរាល់ថ្ងៃ។
ដំណើរផ្លាស់ប្តូររបស់ក្រុមហ៊ុន ByteDance ទៅជាក្រុមហ៊ុនយក្សបានចាប់ផ្តើមបន្តិចម្តងៗជាមួយ Toutiao ប៉ុន្តែភាពជោគជ័យរបស់វា ក៏ត្រូវបានផ្សារភ្ជាប់ទៅនឹងការទិញយក និងពង្រីកយុទ្ធសាស្ត្រជាបន្តបន្ទាប់ ដែលបានរុញច្រានក្រុមហ៊ុនឲ្យកាន់តែចូលទៅក្នុងបណ្តាញវីដេអូ និងចេញមុខលើទីផ្សារអន្តរជាតិ។
នៅខែកញ្ញា ឆ្នាំ២០១៦ ក្រុមហ៊ុនបានបង្កើតជាមួយនឹង Douyin ដែលជាកម្មវិធីអាចអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចថត កែសម្រួលវីដេអូ និងអាចចែករំលែលើវេទិកាធំៗដូចជា Weibo និង WeChat ជាដើម។ ទម្រង់ជាវីដេអូខ្លីដូច្នេះ បានទាក់ទាញឲ្យមានការចាប់អារម្មណ៍ ហើយក្លាយជាការពេញនិយមយ៉ាងខ្លាំង។ មួយឆ្នាំក្រោយមកទៀត ក្រុមហ៊ុនយក្ស ByteDance ក៏បានបញ្ចេញនូវបណ្តាញសង្គមថ្មីមួយទៀតរបស់ខ្លួន TikTok ទៅកាន់ទីផ្សារអន្តរជាតិ។
TikTok បានកើនឡើងប្រជាប្រិយភាពខ្លាំងបំផុតនៅអំឡុងការរីករាលដាលជំងឺឆ្លងកូវីដ១៩ ដោយសម្រេចបានការទាញយកជាង ៣ពាន់លាននាក់នៅទូទាំងពិភពលោកក្នុងឆ្នាំ២០២២ និងមានអ្នកប្រើប្រាស់ប្រចាំខែលើសពីមួយពាន់លាននាក់នៅទូទាំងពិភពលោកក្នុងឆ្នាំ២០២៤ ដូចដែលបានប៉ាន់ស្មានដោយក្រុមហ៊ុនវិភាគអាជីវកម្ម DemandSage ។
សូមជម្រាបជូនថា បន្ទាប់ពីដឹកនាំក្រុមហ៊ុន ByteDance ជិតមួយទស្សវត្សកន្លងមក លោក Zhang Yiming ក៏បានសម្រេចចិត្តលាលែងពីតួនាទីជានាយកប្រតិបត្តិ នៅឆ្នាំ២០២១ ៕