ប្រធានាធិបតីអាមេរិកទើបជាប់ឆ្នោត លោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះ បានប្រកាសចង់ជួយទូទាត់សងបំណុលរបស់យុទ្ធនាការបោះឆ្នោតបក្សប្រជាធិបតេយ្យដែលដឹកនាំដោយអនុប្រធានាធិបតី លោកស្រី Kamala Harris និងអភិបាលរដ្ឋ Minnesota លោក Tim Walz ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានធំៗជាច្រើន។
គួរឲ្យដឹងផងដែរថា យុទ្ធនាការរបស់លោកស្រី Harris និងលោក Walz ត្រូវបានគេរាយការណ៍ថា បានរៃអង្គាសប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់រហូតដល់ទៅជាង ១ពាន់លានដុល្លារឯណោះ អំឡុងពេលនៃការបោះឆ្នោត ប៉ុន្តែបើតាមការចុះផ្សាយពីសារព័ត៌មាន Politico បានបង្ហាញឲ្យដឹងថា បច្ចុប្បន្នយុទ្ធនាការរបស់ពួកគេ កំពុងជាប់បំណុលដល់ទៅ ២០លានដុល្លារ ក្រោយការទទួលជ័យជម្នះរបស់លោក ត្រាំ ។
ជុំវិញបញ្ហានេះ លោក ត្រាំ បានបង្ហោះសារមួយនៅលើបណ្តាញសង្គម X ថា ៖”យុទ្ធនាការរបស់លោកស្រី Kamala Harris បានបញ្ចប់ទៅជាមួយនឹងបំណុលយ៉ាងតិច ២០លានដុល្លារ។ តាមចាំ យុទ្ធនាគារបស់ Harris រៃអង្គាសបានដល់ទៅជាង ១ពាន់លានដុល្លារ ឯណោះ និងមាន ១១៨លានដុល្លារផ្សេងទៀត នៅក្នុងធនាគារគិតត្រឹមថ្ងៃទី១៦ ខែតុលា”។
លោកបន្តថា ៖”ខ្ញុំមានការភ្ញាក់ផ្អើលខ្លាំងនៅពេលដឹងថាយុទ្ធនាការរបស់គណបក្សប្រជាធិបតេយ្យដែលជាគូប្រជែងដ៏ស្វិតស្វាញបំផុតនៅក្នុងការបោះឆ្នោត បែរជាត្រូវធ្លាក់ផុងខ្លួននៅក្នុងបំណុលបែបនេះ។ ខ្ញុំសូមផ្តល់ជូននូវអ្វីក៏ដោយដែលយើងអាចធ្វើបានដើម្បីជួយពួកគេ ក្នុងអំឡុងពេលដ៏លំបាកនេះ។ យើងនៅមានលុយជាច្រើនដែលនៅសេសសល់ ពីយុទ្ធនាការរបស់យើង ហើយវានឹងមិនចំណាយច្រើនទេ បើយើងយកវាទៅជួយគេខ្លះនោះ”។
មិនតែប៉ុណ្ណោះ ជុំវិញការជាប់បំណុលដ៏ច្រើននេះ បានធ្វើឲ្យអ្នកខាងក្នុងគណបក្សប្រជាធិបតេយ្យជាច្រើនបានសម្តែងការខកចិត្តយ៉ាងខ្លាំងចំពោះការគ្រប់គ្រងទៅលើយុទ្ធនាការនេះ។ ហើយបើតាម Washington Examiner បានរាយការណ៍ទៀតថាយុទ្ធនាការនេះ បានចំណាយទឹកប្រាក់ដ៏ច្រើនបំផុតមួយ ដើម្បីអនុញ្ញាតឲ្យលោកស្រី Harris បង្ហាញមុខនៅក្នុងកម្មវិធីផតខាស់ដ៏ល្បីល្បាញមួយ ឈ្មោះ Call Her Daddy ។
ថ្វីត្បិតតែមានការចំណាយច្រើនក៏ដោយ ប៉ុន្តែផតខាស់នេះមិនអាចទទួលបានអ្នកទស្សនាចំនួន ១លាននាក់ តាមការគ្រោងទុកនោះឡើយ ដែលផ្ទុយស្រឡះទៅនឹងការបង្ហាញខ្លួនរបស់លោក Trump ក្នុងកម្មវិធីរបស់លោក Joe Rogan ដែលមានអ្នកចូលមើលច្រើនជាង ៤៧លានដង៕