រដ្ឋភិបាលរបស់ប្រទេសវៀតណាម កាលពីពេលថ្មីៗនេះ បានជូនដំណឹងទៅកាន់ក្រុមហ៊ុនលក់ទំនិញអនឡាញខ្នាតយក្សរបស់ចិន Shein និង Temu ថា ពួកគេអាចនឹងប្រឈមមុខទៅនឹងការបិទចោលទាំងស្រុង ប្រសិនបើមិនព្រមចុះឈ្មោះប្រតិបត្តិការរបស់ពួកគេ ជាមួយក្រសួងពាណិជ្ជកម្ម នៅមុនដំណាច់ខែវិច្ឆិកានេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។
ការជូនដំណឹងនេះ បានកើតឡើងចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងអំពីផលប៉ះពាល់នៃវេទិកាលក់ទំនិញអនឡាញរបស់ចិន នៅលើទីផ្សារក្នុងស្រុក ដោយសារតែការបញ្ចុះតម្លៃយ៉ាងខ្លាំងទៅលើផលិតផល និងគុណភាពនៃទំនិញរបស់ពួកគេ។
ទន្ទឹមនឹងនេះ អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មវៀតណាម លោក Nguyen Hoang Long បានប្រាប់នៅក្នុងកិច្ចប្រជុំរដ្ឋាភិបាលកាលពីចុងសប្តាហ៍មុនថា ក្រសួងបានធ្វើការជាមួយ ទាំងក្រុមហ៊ុន Shein និង Temu ទាក់ទងទៅលើបញ្ហាអាជ្ញាប័ណ្ណនេះ។
លោក Long បានបន្ថែមឲ្យដឹងទៀតថា ៖”បន្ទាប់ពីការជូនដំណឹងរបស់ក្រសួង ប្រសិនបើវេទិកាអនឡាញទាំងនេះមិនព្រមអនុវត្តតាមទេនោះ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម នឹងសម្របសម្រួលជាមួយភ្នាក់ងារពាក់ព័ន្ធទាំងអស់ដើម្បីអនុវត្តវិធានការបច្ចេកទេស ដូចជាការទប់ស្កាត់ ឬអាចបិទចោលកម្មវិធីទាំងស្រុង”។
ជម្រាបជូនផងដែរថា Shein ដែលជាហាងលក់សម្លៀងបំពាក់ បាននឹងកំពុងដាក់លក់ផលិតផលរបស់ខ្លួន នៅក្នុងប្រទេសវៀតណាមមួយរយៈមកហើយ ស្របពេល Temu ដែលគ្រប់គ្រងដោយក្រុមហ៊ុនអេឡិចត្រូនិកខ្នាតយក្សរបស់ចិន PDD Holdings បានចាប់ផ្តើមអនុញ្ញាតឲ្យអ្នកប្រើប្រាស់នៅក្នុងប្រទេសវៀតណាមទិញទំនិញរបស់ខ្លួន កាលពីខែមុន៕