ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី ប្រកាសពីការធ្លាក់ចុះប្រាក់ចំណេញជិត ៦០% ក្នុងត្រីមាសទី៣

អន្តរជាតិ

ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី កាលពីពេលថ្មីៗនេះ បានរាយការណ៍ពីការធ្លាក់ចុះប្រាក់ចំណេញសុទ្ធរបស់ខ្លួនរហូតដល់ទៅ ៥៩% នៅក្នុងត្រីមាសទី៣ ដែលគិតចាប់ពីខែកក្កដាដល់ខែកញ្ញា មកនៅត្រឹមចំនួន ២៩០លានដុល្លារសិង្ហបុរី (ប្រហែល ២១៦លានដុល្លារ) ចំពេលមានការប្រកួតប្រជែងខ្លាំង និងការចំណាយកើនឡើង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន Singapore Airlines បាននិយាយនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុថា ប្រាក់ចំណូលរបស់ខ្លួនបានកើនឡើង ២% ដល់ចំនួន ៤,៨ពាន់លានដុល្លារសិង្ហបុរី នៅក្នុងត្រីមាសទី២ ប៉ុន្តែទន្ទឹមនឹងនោះការចំណាយក៏បានកើនឡើងរហូតដល់ ១៤,៧% ផងដែរ ក្នុងរយ:ពេលនោះ។

“ទិដ្ឋភាពប្រតិបត្តិការនឹងបន្តមានការប្រកួតប្រជែងកាន់តែខ្លាំង។ ដូច្នេះហើយក្រុមហ៊ុន ចាំបាច់ត្រូវតែចំណាត់ការឲ្យបានឆាប់រហ័ស ជាមួយនឹងការកែសម្រួលបណ្តាញអ្នកដំណើរ និងសមត្ថភាពដឹកជញ្ជូនរបស់ខ្លួន ដើម្បីផ្គូផ្គងតាមតម្រូវការដែលកំពុងវិវត្ត”។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ក្រុមហ៊ុន។

គួរឲ្យដឹងផងដែរថា ក្រុមហ៊ុន Singapore Airlines ប្រតិបត្តិការយន្តហោះចំនួនសរុបចំនួន ២០៥ គ្រឿង ដោយក្នុងនោះមានយន្តហោះប្រភេទ Boeing 787-10 ចំនួន ៤ គ្រឿងដែលត្រូវបានបន្ថែម នៅអំឡុងក្នុងត្រីមាសទី៣ នេះ។

ទន្ទឹមនឹងនេះ ក្រុមហ៊ុនក៏បានបង្កើនចំនួនជើងហោះហើរទៅកាន់គោលដៅពេញនិយមបន្ថែមទៀត ដូចជា ទីក្រុងហាណូយ ទីក្រុងហូជីមិញ Johannesburg មែលប៊ន ភូកេត និងសេអ៊ូល ផងដែរ៕