តម្លៃកាក់ Bitcoin បន្តកើនឡើងដល់ជិត ៩ម៉ឺនដុល្លារ ជាលើកដំបូង ក្រោយលោក ត្រាំជាប់ឆ្នោត

អន្តរជាតិ

តម្លៃរូបិយប័ណ្ណគ្រីបតូ Bitcoin បានហក់ឡើងដល់ជិត ៩ម៉ឺនដុល្លារជាលើកដំបូង គិតត្រឹមថ្ងៃអង្គារ ទី១២ ខែវិច្ឆិកា ដែលជាតម្លៃដ៏ខ្ពស់បំផុតមិនធ្លាប់មាន ចាប់តាំងពីកាក់គ្រីបតូនេះ ត្រូវបានដាក់ឲ្យប្រើប្រាស់មក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាក់ Bitcoin បានកើនឡើងតម្លៃប្រហែល ៣២%​ គិតចាប់តាំងពីការបោះឆ្នោតនៅសហរដ្ឋអាមេរិកកាលពីថ្ងៃទី៥ ខែវិច្ឆកា មក ដោយបានឈានដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានដល់ចំនួន ៨៩ ៥៩៩ដុល្លារ កាលពីថ្ងៃអង្គារ។ ការហក់ឡើងដ៏ខ្ពស់នេះ គឺបានកើតឡើងក្រោយលោក ដូណាល់ ត្រាំ​ ដែលត្រូវបានគេចាត់ទុកថាជាអ្នកគាំទ្ររូបិយប័ណ្ណគ្រីបតូដ៏ធំបំផុតម្នាក់ ជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកជាថ្មី។

គួរឲ្យដឹងផងដែរថា កន្លងមក លោក ត្រាំ ធ្លាប់បានប្តេជ្ញាចិត្តថា នឹងធ្វើឲ្យការប្រើប្រាស់កាក់គ្រីបតូកាន់តែមានភាពទូលំទូលាយជាងមុន រួមទាំងការបង្កើតឃ្លាំងស្តុក Bitcoin និងធ្វើឲ្យសហរដ្ឋអាមេរិកក្លាយជាទីផ្សារគ្រីបតូដ៏ធំបំផុតរបស់ពិភពលោក ផងដែរ។

ជម្រាបជូនថា ជំហររបស់លោក ត្រាំ នេះ គឺហាក់ផ្ទុះស្រឡះពីការដឹកនាំរបស់លោកប្រធានាធិបតី លោក ចូ បៃដិន ដែលធ្លាប់តែរឹតបន្តឹងខ្លាំងទៅលើការប្រើប្រាស់រូបិយប័ណ្ណគ្រីបតូ។ ស្របពេលការផ្លាស់ប្តូរនេះ បានរុញច្រានឲ្យកាក់គ្រីបតូផ្សេងៗទៀត កើនឡើងតម្លៃរបស់ខ្លួនផងដែរ និងធ្វើឲ្យទីផ្សាររូបិយប័ណ្ណគ្រីបតូសរុប ហក់ដល់តម្លៃប្រហែល ៣,១ទ្រីលានដុល្លារ។នេះបើតាទិន្នន័យទទួលបានពី CoinGecko៕