ប្រធានាធិបតីអាមេរិកទើបជាប់ឆ្នោតថ្មី លោក ដូណាល់ ត្រាំ បានប្រកាសថា លោកនឹងតែងតាំងពិធីកររបស់ទូរទស្សន៍ Fox News លោក Pete Hegseth ឲ្យធ្វើជារដ្ឋមន្ត្រីការពារជាតិរបស់លោក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន NPR។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក ត្រាំ បាននិយាយថា Pete គឺម៉ត់ចត់ ឆ្លាត និងជាអ្នកជឿពិតប្រាកដលើរដ្ឋបាល America First របស់លោក ហើយដោយមាន Pete ជាអ្នកកាន់តំណែង សត្រូវរបស់អាមេរិកនឹងត្រូវបានព្រមាន។ យោធារបស់យើងនឹងអស្ចារ្យម្តងទៀត ហើយអាមេរិកនឹងមិនថយក្រោយឡើយ។
គួរឲ្យដឹងថា លោក Pete Hegseth គឺជាអតីតយុទ្ធជនម្នាក់ធ្លាប់បានធ្វើដំណើរទៅបំពេញបេសកកម្មនៅក្នុងប្រទេសអ៊ីរ៉ាក់ អាហ្វហ្គានីស្ថាន និងតំបន់ឈូងសមុទ្រ Guantanamo ក្នុងឋានៈជាទាហានថ្មើរជើង។ ក្នុងអំឡុងពេលបម្រើយោធា លោកបានទទួលរង្វាន់ផ្កាយសំរឹទ្ធចំនួនពីរ និងផ្លាកសញ្ញាទាហានថ្មើរជើងប្រយុទ្ធ។
ទន្ទឹមនឹងនេះ លោក Pete បានចូលរួមក្នុងយុទ្ធនាការព្រឹទ្ធសភារយៈពេលខ្លី នៅក្នុងរដ្ឋ Minnesota ដែលជាស្រុកកំណើត នៅក្នុងឆ្នាំ២០១២ មុនពេលឈប់រៀន។ លោកក៏ជានាយកប្រតិបត្តិនៃ Concerned Veterans for America ដែលជាអង្គការតស៊ូមតិអតីតយុទ្ធជន មុនពេលចូលរួមជាមួយទូរទស្សន៍ Fox News ក្នុងឆ្នាំ២០១៤។
ជម្រាបជូនផងដែរថា ខណៈពេលដែលបុគ្គលិករបស់ទូរទស្សន៍ Fox News ទាំងបច្ចុប្បន្ន និងអតីតមួយចំនួន បានសម្តែងការគាំទ្រដល់លោក ត្រាំ លោក Pete អាចរាប់បានថាជាបុគ្គលដំបូងគេដែលត្រូវបានជ្រើសតាំងសម្រាប់មុខដំណែង នៅក្នុងជួររដ្ឋាភិបាលរបស់ប្រធានាធិបតីអាណត្តិថ្មីរូបនេះ៕