Wang Ning មហាសេដ្ឋីបើកហាងលក់តុក្កតាធំបំផុតរបស់ប្រទេសចិន គឺជានរណា?

អន្តរជាតិ

គ្រប់គ្នាប្រហែលជាបានស្គាល់ហើយ ក្រុមហ៊ុន Pop Mart ដែលជាសហគ្រាសលក់ប្រដាប់ក្មេងលេងដ៏ធំបំផុតរបស់ប្រទេសចិន មានហាងច្រើនជាង ២០០ នៅទូទាំងពិភពលោក តាមរយ:ការផលិតតុក្កតា​ Labubu ដ៏ពេញនិយម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញភាពជោគជ័យរបស់ Pop Mart នេះ តើមាននរណាគឺជាអ្នកនៅពីក្រោយគំនិតនៃការបង្កើត ក្រុមហ៊ុនផលិតតុក្កតាដ៏ធំ?

លោក Wang Ning វ័យ ៣៤ឆ្នាំ បានបង្កើតក្រុមហ៊ុន PopMart ដំបូងក្នុងឆ្នាំ២០១០ និងកាន់កាប់ភាគហ៊ុនសរុបប្រមាណ ៤៦%។ បច្ចុប្បន្នលោកគឺជានាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុនផលិតរបស់ក្មេងលេងដ៏ធំមួយនេះ។

កាលពីពេលថ្មីៗនេះ ត្រូវបានទស្សនាវដ្តី Forbes ចាត់ចូលក្នុងបញ្ជីមហាសេដ្ឋីមានបំផុតរបស់ប្រទេសចិន ជាមួយនឹងទ្រព្យសម្បត្តិសរុបប្រមាណ ៦,២ពាន់លានដុល្លារ។

លោក Wang កើត​នៅ​ខេត្ត Henan ភាគ​ខាងជើង​ប្រទេស​ចិន​ ដោយមានឪពុកម្តាយជាអ្នកលក់របស់របរផ្សេងៗ រួមទាំង CD នាឡិកា និងឧបករណ៍នេសាទ ជាដើម ខណ:បានជម្រុញទឹកចិត្តរបស់លោកឲ្យមានចំណង់ចំណូលចិត្តក្នុងការបើកអាជីវកម្មទាំងវ័យក្មេង។

លោក Wang បានចូលសិក្សាផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម នៅសកលវិទ្យាល័យ Zhengzhou ហើយបានចាប់ផ្តើមលក់សម្ភារ:សម្រាប់តុបតែងលើសំលៀកបំពាក់ និងការងារច្នៃប្រឌិត ជាមួយមិត្តរួមថ្នាក់។ ក្រោយមកលោក ក៏ទទួលបានគំនិតក្នុងការបង្កើតផលិតផលទាន់សម័យ អំឡុងពេលធ្វើដំណើរកម្សាន្តទៅកាន់ប្រទេសជប៉ុន និងហុងកុង។

បន្ទាប់ពីបញ្ចប់ការសិក្សា លោក Wang បានទៅទីក្រុងប៉េកាំង ដើម្បីចាប់ផ្តើមបើកក្រុមហ៊ុន Pop Mart និងបានបើកហាងដំបូងរបស់ខ្លួន នៅឆ្នាំ២០១១ ក្នុងផ្សារទំនើបមួយ នៅជិត Zhongguancun ដែលជាមជ្ឈមណ្ឌលបច្ចេកវិទ្យាសម្រាប់សហគ្រិនវ័យក្មេង។ ប្រាំឆ្នាំក្រោយមកក្រុមហ៊ុន បានចាប់ផ្តើមដាក់លក់ផលិតផលរបស់ខ្លួនលើទីផ្សារអនឡាញ តាមរយ:វេទិកា Tmall របស់ក្រុមហ៊ុន Alibaba ។

ក្រោយមក ភាពល្បីល្បាញរបស់ Pop Mart បានចាប់ផ្តើមហក់ឡើងកាន់ខ្លាំង ក្រោយការចេញលក់តុក្កតាប្លែកៗ និងអាថ៌កំបាំង ដោយតម្រូវតាមមនុស្សដែលចូលចិត្តទិញរបស់មករក្សាទុក។ នៅពេលបោះផ្សាយលក់មូលបត្រជាសាធារណ:ដំបូងក្នុងឆ្នាំ២០២០ ក្រុមហ៊ុន Pop Mart បានប្រកាសកើនឡើងប្រាក់ចំណូលប្រចាំឆ្នាំរហូតដល់ ១,៧ពាន់លានយ៉ន់ (២៤៤លានដុល្លារ) ស្របពេលខ្លួនបានពង្រីកការលក់តាមអ៊ីនធឺណិត ទាំងក្នុងស្រុក និងទៅកាន់ប្រទេសខាងក្រៅជាង ២០ រួមទាំងជប៉ុន កូរ៉េ អូស្ត្រាលី អាមរិក និងថៃ ជាដើម៕