SpaceX ដែលត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនផ្តោតសំខាន់ទៅលើវិស័យអាវកាស តាមរយ:ការផលិតយានអវកាស Starship ថ្មីៗនេះ ហាក់កំពុងបង្ហាញពីចក្ខុវិស័យរបស់ខ្លួន ក្នុងការហក់ចូលទៅក្នុងឧស្សាហកម្មអាកាសចរណ៍ពាណិជ្ជកម្ម តាមរយ:ការដឹកជញ្ជូនអ្នកដំណើរឆ្លងពីទ្វីបមួយទៅកាន់ទ្វីបមួយ ដោយប្រើប្រាស់រយ:ពេលខ្លី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Daily Mail។
តាមរយ:មហាសេដ្ឋី Elon Musk ដែលជាម្ចាស់ក្រុមហ៊ុន SpaceX បានអះអាងថា ផែនការនេះ អាចនឹងកើតឡើងពិតមែន ជាពិសេសនៅក្រោយការជាប់ឆ្នោតឡើងវិញរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះ។
យាន Starship របស់ SpaceX រំពឹងទុកថាអាចដឹកជញ្ជូនអ្នកដំណើរក្នុងល្បឿនដ៏លឿងបំផុតមួយ រហូតដល់ ជាង ១៦ ០០០ ម៉ាយក្នុងមួយម៉ោង (ប្រហែល ២៦ ០០០ គីឡូម៉ែត្រក្នុងមួយម៉ោង) ដោយនេះមានន័យថាវាអាចនាំមនុស្សពីទីក្រុងឡុងដ៍ ទៅកាន់ទីក្រុងញូវយ៉ក ក្នុងរយៈពេលត្រឹម ៣០នាទី ខណ:ពីទីក្រុងញូវយ៉ក ទៅកាន់ទីក្រុងសៀងហៃ ប្រទេសចិន ក្នុងរយៈពេលមិនដល់ ៤០នាទី និងពីក្រុង Zurich ទៅកាន់ទីក្រុងស៊ីដនី ក្នុងរយៈពេល ៥០នាទី ប៉ុណ្ណោះ។
គួរឲ្យដឹងផងដែរថា ជាធម្មតាការធ្វើដំណើរពីទីក្រុងញូវយ៉ក ទៅទីក្រុងសៀងហៃប្រទេសចិន ដែលមានចម្ងាយ ៧ ៣៩២ ម៉ាយ (១១ ៨៩៧ គីឡូម៉ែត្រ) តាមរយ:យន្តហោះពាណិជ្ជកម្មសព្វថ្ងៃនេះ ត្រូវចំណាយពេលប្រហែល ១៥ ម៉ោង។
ទន្ទឹមនឹងនេះ លោក Musk បានបន្ថែមទៀតថា ប្រសិនបើផែនការនេះ អាចសម្រេចបានពិតមែន នោះវានឹងជួយកាត់បន្ថយរយៈពេលនៃការធ្វើដំណើរតាមផ្លូវអាកាសយ៉ាងច្រើន ដោយសន្សំសំចៃពេលវេលា ជាសេសសម្រាប់អ្នកជំនួញ ឬមហាសេដ្ឋី បើទោះបីជាការធ្វើដំណើរនេះ ទំនងជានឹងត្រូវចំណាយប្រាក់ជាច្រើនក៏ដោយ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោក Musk ហាក់នៅមិនទាន់បានបញ្ជាក់ច្បាស់លាស់នៅឡើយ ថាផែនការដឹកជញ្ជូនអ្នកដំណើរតាមរយ:យាន Starship នេះ អាចនឹងត្រូវធ្វើឡើងនៅឆ្នាំណានោះទេ ខណ:កន្លងមក លោក ត្រាំ សន្យាថានឹងជួយជ្រោមជ្រែងឲ្យអស់ពីសមត្ថភាពដល់ក្រុមហ៊ុន SpaceX ប្រសិនបើលោកអាចចូលកាន់តំណែងនៅក្នុងសេតវិមានបានវិញ។
ជម្រាបជូនផងដែរថា កាលពីខែមុន ក្រុមហ៊ុន SpaceX ទើបតែទទួលបានភាពជោគជ័យជាប្រវត្តិសាស្រ្ត តាមរយ:ការចាប់យករ៉ុក្កែតដែលរុញច្រានយាន Starship ទៅកាន់ទីអវកាស ចូលមកកាន់ដង្កៀបចាប់លើផ្ទៃផែនដីវិញ ដោយរក្សារូបរាងដើមទាំងស្រុង និងអាចយកទៅប្រើប្រាស់បានវិញ ខណ:ការធ្វើតេស្តសាកល្បងមុនៗ សុទ្ធសឹងតែបរាជ័យ៕