អ្នកនាង Zhang Zetian នៅតែបន្តជាប់ឈ្មោះជាមហាសេដ្ឋីស្រីវ័យក្មេងបំផុតរបស់ប្រទេសចិន ខណ:ទ្រព្យសម្បត្តិសរុបរបស់នាងត្រូវបានគេរាយការណ៍ថាមានចំនួនដល់ទៅ ៦០ពាន់លានយ៉ន់ (៨,៤ពាន់លានដុល្លារ) ក្នុងវ័យត្រឹម ៣១ឆ្នាំ។ នេះយោងតាមរបាយការណ៍បង្ហាញដោយក្រុមហ៊ុនស្រាវជ្រាវសេដ្ឋកិច្ច និងហិរញ្ញវត្ថុ Hurun។
ជាមួយសមិទ្ធិផលសិក្សាដ៏ឆ្នើម អ្នកនាង Zhang ត្រូវបានអនុញ្ញាតឲ្យចូលទៅរៀនដោយផ្ទាល់នៅវិទ្យាល័យ Tsinghua ក្នុងឆ្នាំ២០១១។ ដោយសារមានរូបសម្រន់ទាក់ទាញ អំឡុងពេលសិក្សានោះ អ្នកនាង ត្រូវបានអ្នកដឹកនាំរឿងដ៏ល្បីល្បាញ Zhang Yimou ស្នើឲ្យចូលសម្តែងក្នុងរឿង “The Flowers of War” ។ ប៉ុន្តែយ៉ាងណាក៏ដោយ នាងបានបដិសេធការផ្តល់ជូននេះ ដើម្បីផ្តោតលើការសិក្សាជំនួសវិញ។
ក្នុងឆ្នាំ ២០១៥ អ្នកនាង Zhang បានរៀបការជាមួយ លោក Liu Qiangdong ដែលជាប្រធានក្រុមហ៊ុន JD ដែលជាវេទិកាលក់ទំនិញអនឡាញដ៏បំផុតមួយរបស់ចិន។ គិតត្រឹមឆ្នាំ២០២៣ យោងតាមទស្សនាវដ្ដី Forbes បានបង្ហាញថាមានទ្រព្យសម្បត្តិសរុបរបស់លោក Liu មានចំនួនជិត ៥ពាន់លានដុល្លារ។
យ៉ាងណាមិញ ចាប់តាំងពីរៀបការមក អ្នកនាង Zhang ត្រូវបានគេរាយការណ៍ថាបានកាន់តួនាទីដ៏សំខាន់មួយ នៅក្រុមហ៊ុនលក់ទំនិញអនឡាញ JD របស់ស្វាមីផងដែរ។
ជម្រាបជូនផងដែរថា អ្នកនាង Zhang ក៏ត្រូវបានគេទទួលស្គាល់ថាជាបុគ្គលលេចធ្លោម្នាក់ ក្នុងឧស្សាហកម្មម៉ូដរបស់ប្រទេសចិន ខណ:ជារឿយនាង តែងបង្ហាញវត្តមាននៅក្នុងកម្មវិធីដើរម៉ូដអន្តរជាតិធំៗ ក៏ដូចជាមហោស្រពភាពយន្តទីក្រុង Cannes ផងដែរ៕